(ហាណូយ)៖ វៀតណាម និងហ្វីលីពីន នៅថ្ងៃអង្គារ ទី៣០ ខែមករានេះបានឈានដល់កិច្ចព្រមព្រៀងស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្រនៃប្រទេសទាំង២ និងទប់ស្កាត់ឧប្បត្តិហេតុជាយថាហេតុណាមួយ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការឈានដល់កិច្ចព្រមព្រៀងខាងលើត្រូវបានប្រកាសអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅក្នុងប្រទេស វៀតណាម។ បន្ថែមពីលើនេះ ក្រសួងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថាវៀតណាម ក៏នឹងចុះកិច្ចព្រមព្រៀងជាមួយហ្វីលីពីន ស្ដីពីគ្រាប់ធញ្ញជាតិជាពិសេសគឺការនាំចូល អង្ករផងដែរ។

គួរបញ្ជាក់ថា ទាំងវៀតណាម និងហ្វីលីពីន សុទ្ធតែជាភាគីជម្លោះនៅក្នុងការទាមទារអធិបតេយ្យនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលចិនបានអះអាងពីអធិបតេយ្យ ស្ទើរតែទាំងស្រុង និងជាទីដែលពាណិជ្ជកម្មតាមកប៉ាល់ធ្វើដំណើរឆ្លងកាត់មានទំហំ ៣ទ្រីលានដុល្លារក្នុងមួយឆ្នាំៗ៕

រូបភាពពីគេហទំព័ររដ្ឋាភិបាលហ្វីលីពីម