(តេហេរ៉ង់)៖ អ៉ីរ៉ង់ កាលពីថ្ងៃចន្ទ ទី២៩ ខែមករា បានកាត់ទោសប្រហារជីវិតដោយព្យួរកបុរស ៤នាក់ ដែលត្រូវបានចោទប្រកាន់ថាបានធ្វើចារកម្មឱ្យអ៉ីស្រាអែល បើទោះជាមានការរិះគន់ពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្សថាការផ្តន្ទាទោសនេះមានភាពអយុត្តិធម៌ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកាត់ទោសប្រហារជីវិតបុរសទាំង៤នាក់ខាងលើ ដែលត្រូវបានអះអាងថាជាជនជាតិភាគតិចឃើដ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលអ៉ីរ៉ង់ ច្រានចោលបណ្ដឹងឧទ្ធរណ៍ របស់ពួកគេ។ អ្នកទាំង៤នាក់នេះត្រូវបានអាជ្ញាធរអ៉ីរ៉ង់ចោទប្រកាន់ថាបានធ្វើចារកម្មឱ្យអ៉ីស្រាអែល និងបានចូលរួមក្នុងការរៀបចំផែនការមួយដើម្បីវាយប្រហារ បំផ្ទុះគ្រាប់បែក នៅក្នុងប្រទេសអ៉ីរ៉ង់ តាមការបង្គាប់បញ្ជាពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល Mossad។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បុរសទាំង៤នាក់ បានធ្វើដំណើរចេញពីតំបន់ឃើដ ស្ថិតនៅភាគខាងជើងប្រទេសអ៉ីរ៉ាក់ និងបានចូលក្នុងប្រទេសអ៉ីរ៉ង់ដោយខុសច្បាប់ ដើម្បីវាយប្រហារលើរោងចក្រមួយ ស្ថិតនៅក្នុង ទីក្រុង Isfahan ដែលផលិតគ្រឿងបរិក្ខារសម្រាប់ក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បន្ថែមទៀតថាផែនការវាយប្រហារនេះត្រូវបានគ្រោងធ្វើឡើងកាលពីរដូវក្ដៅឆ្នាំ២០២២កន្លងទៅ ប៉ុន្តែត្រូវបានចារកម្មអ៉ីរ៉ងទប់ស្កាត់ទាន់ពេល។

គួរបញ្ជាក់ថា កាលពីចុងខែធ្នូ ឆ្នាំ២០២៣ អ៉ីរ៉ង់ក៏បានកាត់ទោសប្រហារជីវិតបុរស៣នាក់ និងស្ត្រីម្នាក់ផងដែរ ដែលត្រូវចោទប្រកាន់ថាមានទំនាក់ទំនងជាមួយចារកម្ម អ៉ីស្រាអែល Mossad៕

រូបភាពពី Reuters