(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិននឹងធ្វើការជាមួយប្រទេសបារាំង ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដ៏រឹងមាំ និងរស់រវើករវាងប្រទេសទាំងពីរ និងដើម្បីរួមគ្នារួមចំណែកប្រកបដោយប្រាជ្ញា និងកម្លាំងដល់សន្តិភាព សន្តិសុខ វិបុលភាព និងវឌ្ឍនភាពពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យ លោក Wang Wenbin បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការសំណួរដែលពាក់ព័ន្ធ។

ដោយកត់សម្គាល់ថាប្រទេសបារាំង គឺជាប្រទេសលោកខាងលិចដ៏សំខាន់ដំបូងគេ ដែលបង្កើតទំនាក់ទំនងការទូតនៅថ្នាក់ឯកអគ្គរដ្ឋទូតជាមួយប្រទេសចិន ហើយថាឆ្នាំ ២០២៤ គឺជាខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត លោក Wang បាននិយាយដូច្នេះថា «ការបង្កើតទំនាក់ទំនងការទូតកាលពីប្រាំមួយទសវត្សរ៍មុន បានបំបែកឧបសគ្គ នៃសង្រ្គាមត្រជាក់ និងជាស្ពានចម្លងរវាងប្លុកផ្សេងៗគ្នា និងបានជំរុញទិដ្ឋភាពសកលលោកឱ្យវិវឌ្ឍន៍ក្នុងទិសដៅត្រឹមត្រូវនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការ»

អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ប្រទេសចិន និងបារាំងបានប្រកាន់ខ្ជាប់នូវឯករាជ្យភាព សម្រេចបាននូវការអភិវឌ្ឍន៍រួមគ្នា តាមរយៈកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងបានរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលតាមរយៈការសម្របសម្រួលពហុភាគី៕

រូបភាពពីស៊ីនហួរ