(បាដាដ)៖ អាជ្ញាធរអ៊ីរ៉ាក់នៅថ្ងៃចន្ទសប្តាហ៍នេះ បានថ្កោលទោសការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិកបីនាក់ នៅក្នុងប្រទេសហ្ស៊កដានី ហើយបានអំពាវនាវឱ្យ «បញ្ចប់វដ្តនៃអំពើហិង្សានៅមជ្ឈិមបូព៌ា»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ លោក Bassem al-Awadi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋាភិបាលអ៊ីរ៉ាក់ថ្កោលទោសការកើនឡើងនៃជម្លោះនាពេលបច្ចុប្បន្ន» ដោយបន្ថែមថា ខ្លួនមានឆន្ទៈក្នុងការ «សហការបង្កើតច្បាប់មូលដ្ឋាន ដើម្បីការពារផលវិបាកបន្ថែមទៀតនៅក្នុងតំបន់ និងទប់ស្កាត់ការកើនឡើងនៃជម្លោះ»

ការអំពាវនាវនេះ កើតក្រោយពេលដែលមូលដ្ឋានភស្តុភារលេខ ២២ ដែលមានទីតាំងនៅព្រំដែនរវាងប្រទេសហ្ស៊កដានី និងស៊ីរី ត្រូវបានវាយប្រហារ ដោយបានសម្លាប់ទាហានអាមេរិក ៣នាក់ និងរបួស ៣៤ នាក់ផ្សេងទៀត។ នេះជាចំនួនអ្នកស្លាប់ និងរបួសច្រើនបំផុតរបស់អាមេរិក នៅក្នុងឧប្បត្តិហេតុតែមួយ ចាប់តាំងពីក្រុមគាំទ្រអ៊ីរ៉ង់ បានបង្កើនការវាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិក និងកងកម្លាំងចម្រុះប្រឆាំងជីហាដក្នុងខែតុលាមក។

គួរបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលខែតុលាមក មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬគ្រាប់មីស៊ីលជាង ១៥០ លើកសំដៅលើមូលដ្ឋានយោធាសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ភាគច្រើននៃការវាយប្រហារទាំងនេះ គឺអះអាងទទួលខុសត្រូវដោយចលនាតស៊ូប្រដាប់ក្នុងប្រទេសអ៊ីរ៉ាក់ ដែលប្រឆាំងនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែលនៅក្នុងជម្លោះហ្គាហ្សា ហើយចង់ឱ្យពួកគេចាកចេញពីប្រទេសអ៊ីរ៉ាក់៕

រូបភាពពី AFP