(ម៉ានីល)៖ ប្រធានាធីបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយនៅថ្ងៃចន្ទនេះថា ការពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការដែនសមុទ្រ រវាងប្រទេសរបស់លោក និងវៀតណាមនឹងជាមូលដ្ឋានគ្រឹះមួយ ដែលត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ប្រទេសជិតខាងអាស៊ានទាំងពីរ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍មួយ មុនពេលចេញទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ ក្នុងទីក្រុងហាណូយ លោក Marcos បានបញ្ជាក់ថា «យើងសង្ឃឹមថានឹងពង្រឹងពង្រឹងទិដ្ឋភាពនេះ អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់របស់យើង»។

លោក Marcos នឹងត្រូវជួបជាមួយមន្ត្រីកំពូលៗរបស់វៀតណាម ហើយធ្វើការលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ និងការផ្គត់ផ្គង់អង្ករ។ វៀតណាមជាប្រទេសនាំចេញអង្ករដ៏សំខាន់ ហើយហ្វីលីពីនគឺប្រទេសនាំចូលអង្ករធំជាងគេរបស់ពិភពលោក។ លោក Marcos សង្ឃឹមដំណើរទស្សនកិច្ចនេះ នឹងជួយឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន ហើយឈានទៅរកយុគសម័យថ្មី នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយនិងកិច្ចពិភាក្សាស្តីពីពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងទេសចរណ៍ ព្រមទាំងបញ្ហាតំបន់ និងការព្រួយបារម្ភរួមគ្នា។

គួរបញ្ជាក់ថា វៀតណាម និងហ្វីលីពីន ទាមទារចំណែករៀងៗខ្លួននៅតំបន់សមុទ្រចិនខាងត្បូង ប៉ុន្តែទំនាក់ទំនងមានភាពធម្មតានឹងគ្នា បើប្រៀបធៀបទៅនឹងរវាងហ្វីលីពីន និងចិនជុំវិញចំណុចនៃដែនទឹកមានជម្លោះ៕

រូបភាពពី Reuters