(ប៉េកាំង)៖ ពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយដំណឹងអំពី ភាពជាប់គាំងដែលសហគ្រាសផលិត រថយន្តកូរ៉េខាងត្បូងជួបប្រទះ។ ស្របពេលដែលរដ្ឋាភិបាលអាមេរិក បន្តបង្កើនការគ្រប់គ្រងចំពោះការនាំចេញទៅកាន់ ប្រទេសចិនដោយឥតឈប់ឈរ សហគ្រាសផលិតរថយន្តកូរ៉េខាងត្បូងដែលពឹងផ្អែកយ៉ាងខ្លាំង លើសម្ភារៈអាគុយរបស់ប្រទេសចិន កំពុងធ្លាក់ក្នុងភាពលំបាក។ ក្រុមហ៊ុនអាមេរិក Tesla ក៏បានជួបប្រទះបញ្ហាដូចគ្នាដែរ។ ដោយសារតែ ការផលិតអាគុយចំនួនធំ សម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីថ្មី Cybertruck បានធ្លាក់ចូលសភាពជាប់គាំង ក្រុមហ៊ុន Tesla មានតែងាកទៅសុំការគាំទ្រ ពីផលិតកររបស់ប្រទេសចិន ជាបន្ទាន់ដែលសង្ឃឹមថាអាចទទួលបាន ការគាំទ្រខាងគ្រឿងបន្លាស់អាគុយ។

ព្រមពេលជាមួយគ្នានេះ លោក Tate Reeves អភិបាលរដ្ឋ Mississippiអាមេរិកក៏បានផ្សព្វផ្សាយក្នុងកាលៈទេសៈផ្សេងៗគ្នា អំពីគម្រោងអភិវឌ្ឍសេដ្ឋកិច្ចធំទីពីរ ក្នុងប្រវត្តិសាស្ត្រដែលរដ្ឋខ្លួន ទើបអនុម័តផងដែរ៖ សហគ្រាសចំនួនបួននឹងចំណាយ ប្រាក់ចំនួន១៩០០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រអាគុយ ក្នុងនោះសហគ្រាសផលិតថ្ម ដែលមកពីប្រទេសចិន កាន់ភាគហ៊ុន១០ភាគរយ។ ពីសហគ្រាសកូរ៉េខាងត្បូងដល់ សហគ្រាសអាមេរិក ពីរដ្ឋាភិបាលដល់មជ្ឈដ្ឋានពាណិជ្ជកម្ម សុទ្ធតែបានបញ្ចេញព័ត៌មានបែបនេះថា៖ ការអភិវឌ្ឍរថយន្តដើរដោយថាមពលថ្មី មិនអាចកាត់ផ្ដាច់ចេញពីប្រទេសចិនបានទេ។

តាមទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយស្ថាប័នឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ប្រទេសចិនឱ្យដឹងថា ការនាំចេញអាគុយថាមពលរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៣ មានចំនួន១២៧.៤GWh កើនឡើង៨៧.១ភាគរយបើប្រៀបធៀបនឹង ឆ្នាំ២០២២ ហើយទំហំទីផ្សារបានឈរនៅលំដាប់ជួរមុខលើពិភពលោក ក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា។ ក្នុងនោះ ទីផ្សារនាំចេញធំជាងគេគឺអឺរ៉ុប បន្ទាប់មក គឺអាមេរិកនិងអាស៊ីអាគ្នេយ៍។

សមិទ្ធផលដែលឧស្សាហកម្មអាគុយរបស់ប្រទេសចិនទទួលបាន គឺមកពីឧត្តមភាពប្រកួតប្រជែងជាច្រើន។ លោក Cui Dongshu អគ្គលេខាធិការនៃសមាគមន៍ព័ត៌មានទីផ្សាររថយន្តដឹកអ្នកដំណើរចិនបានថ្លែងថា អាគុយរបស់ប្រទេសចិន មានឧត្តមភាពឧស្សាហកម្មដែល មិនអាចជំនួសបាន។ ប្រទេសចិនសម្រេចបាននូវការផលិតដោយម្ចាស់ការ នូវវត្ថុធាតុសំខាន់ៗទាំងអស់សម្រាប់ផលិតអាគុយ ដូចជាវត្ថុធាតុ cathode anode និង electrolytes ជាដើម ដែលបានបង្កើតខ្សែសង្វាក់ឧស្សាហកម្មអាគុយយ៉ាងពេញលេញ។

ក្នុងវិស័យវត្ថុធាតុដើមស្នូល ដែលត្រូវការសម្រាប់ការផលិតអាគុយ ប្រទេសចិនក៏កាន់ឋានៈដឹកនាំសំខាន់ដដែល។ លោកស្រី Tao Lin អគ្គនាយករងនៃក្រុមហ៊ុនTesla បានថ្លែងថា "ភាពជោគជ័យរបស់ក្រុមហ៊ុន Tesla នៅប្រទេសចិន គឺពឹងផ្អែកយ៉ាងខ្លាំងលើភាពជោគជ័យ នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន"។

ព្រមពេលជាមួយគ្នានេះ ផលិតផលអាគុយរបស់ប្រទេសចិនមានគុណភាពល្អ និងតម្លៃដើមទាប ហើយទទួលបានការពេញនិយម ពីសហគ្រាសផលិតរថយន្តនៃបណ្តាប្រទេស។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ក្នុងរយៈពេលយូរ និងការពន្លឿនការបង្កើតរចនាសម្ព័ន្ធនៅទូទាំងពិភពលោក បានក្លាយជាគន្លឹះនៃភាពជោគជ័យសម្រាប់សហគ្រាសចិន។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលអាមេរិកបានបង្កើត "ជញ្ជាំងខ្ពស់" ចំពោះអាគុយរបស់ប្រទេសចិន តាមរយៈការធ្វើអន្តរាគមន៍ ផ្នែកនយោបាយនិងរបាំងពាណិជ្ជកម្ម ដើម្បីព្យាយាមទប់ស្កាត់ការអភិវឌ្ឍ នៃឧស្សាហកម្មដែលកំពុងងើបឡើងថ្មីរបស់ប្រទេសចិន។អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា ភាគីអាមេរិកបានជ្រោងទង់ដែលហៅថា "សន្តិសុខជាតិ" មកគាបសង្កត់ប្រទេសចិននិងប៉ុនប៉ង់ចង់ "ផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់" ប៉ុន្តែគិតពិចារណាដល់ឧត្តមភាពខាងបច្ចេកវិទ្យាដ៏ពិសេស នៃឧស្សាហកម្មអាគុយរបស់ប្រទេសចិន ភាគីអាមេរិកនឹងមិនអាចទប់ស្កាត់ប្រទេសចិនបានទេ។

ការពិតបានបញ្ជាក់ថា កម្លាំងនយោបាយមិនអាចបង្ក្រាបក្រឹត្យក្រមទីផ្សារបានទេ។ ស្ថាប័ននានា ដូចជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ យុទ្ធសាស្ត្រនិងបញ្ហាអន្តរជាតិអាមេរិកជាដើម បាននាំគ្នាបង្ហាញឥរយាបថនាពេលថ្មីៗនេះថា ស្របពេលដែលការនាំចេញផលិតផល ដូចជាអាគុយរបស់ប្រទេសចិនជាដើម មានភាពខ្លាំងក្លា ឧស្សាហកម្មជាច្រើនទទួលបាន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រទេសចិននៅតែជាទីផ្សារដែលអ្នកវិនិយោគបរទេស មិនអាចបោះបង់ចោលបាន ហើយវាកាន់តែជាកម្លាំងចលករយ៉ាងខ្លាំង សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោកថែមទៀត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន