(ប៉េកាំង)៖ ថ្ងៃទី២៥ ខែមករា សិល្បករចិននិងបរទេសបានរួមគ្នាបង្ហាញ នូវពិធីបុណ្យវប្បធម៌ដ៏អស្ចារ្យនៅរោងមហោស្រពជាតិ នៅទីក្រុងប៉េកាំង ដែលបានផ្តល់ "អំណោយពិសេស" មួយដល់ខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង។

ក្នុងពិធីទទួលបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង ដែលបានធ្វើឡើង នៅយប់ថ្ងៃដដែល ប្រមុខរដ្ឋនៃប្រទេសចិននិងបារាំង បានរួមគ្នាថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Xi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ប្រវត្តិសាស្រ្តពិសេសនៃទំនាក់ទំនងចិននិងបារាំង បានបង្កើត "ស្មារតីចិន-បារាំង" ដែលប្រកបដោយ ភាពឯករាជ្យម្ចាស់ការ ការយោគយល់គ្នា ចក្ខុវិស័យវែងឆ្ងាយនិងផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ហើយបានលើកឡើងនូវគំនិតផ្តួចផ្តើមបួនចំណុច ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការចិន និងបារាំងនាពេលអនាគត។

លោក Macron ប្រធានាធិបតីបារាំងបានថ្លែងថា ភាគីទាំងពីរមានទំនួលខុសត្រូវក្នុងការរួមគ្នា កសាងទំនាក់ទំនងភាពជាដៃគូ ដែលមិនត្រឹមតែ បំពេញតាមតម្រូវការរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់សន្តិភាព និងស្ថិរភាពពិភពលោកផងដែរ។ប្រការនេះបានបញ្ជាក់ថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរមានគំនិតឯកភាពរួមកម្រិតខ្ពស់ ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងបារាំង។

ប្រទេសបារាំងគឺជាប្រទេសលោកខាងលិចដ៏ធំដំបូងគេ ដែលបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ជាមួយប្រទេសចិន ហើយក៏ជាប្រទេសលោកខាងលិចដ៏ធំដំបូងគេ ដែលបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ជាមួយប្រទេសចិនផងដែរ។ ក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ ទោះបីជានិម្មាបនកម្មអន្តរជាតិ មានបម្រែបម្រួលយ៉ាងណាក៏ដោយ ជានិច្ចកាល ទំនាក់ទំនងរវាងចិននិងបារាំងតែងតែដើរនៅជួរមុខ នៃទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសលោកខាងលិច។

នៅពេលអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងបារាំងកាលពីដប់ឆ្នាំមុន លោកXi Jinpingប្រធានរដ្ឋចិនបានបូកសរុប "ស្មារតីចិន-បារាំង" ដោយអក្សរចំនួន១៦។ ថ្ងៃនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ ម្តងទៀតនូវស្មារតីនេះ។ អ្នកវិភាគបានថ្លែងថា "ស្មារតីចិន-បារាំង" គឺជា "កូនសោមាស" សម្រាប់មជ្ឈដ្ឋានខាងក្រៅឈ្វេងយល់ ពីអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាល នៃទំនាក់ទំនងចិននិងបារាំង។ ក្នុងនោះ ភាពឯករាជ្យម្ចាស់ការគឺជាចរិតស្មារតីរួម របស់ប្រជាជាតិចិននិងបារាំងដែលធ្វើឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរអាចក្លាយជាគំរូ នៃទំនាក់ទំនងរវាងចិននិងប្រទេសលោកខាងលិច។

បើមើលពីការប្រាស្រ័យទាក់ទងទ្វេភាគីអាចឃើញថា ចិននិងបារាំងមិនមានទំនាស់ខាងភូមិសាស្ត្រនយោបាយ ឬការប៉ះទង្គិចផ្នែកផលប្រយោជន៍លើឬសគល់អ្វីឡើយ គឺមានភាពដូចគ្នាខាងស្មារតីប្រកបដោយភាពឯករាជ្យម្ចាស់ការ និងស្មារតីហ៊ានធ្វើមុនគេ។ ការឱ្យតម្លៃគ្នាទៅវិញទៅមក និងការទាក់ទាញទៅវិញទៅមករវាងអរិយធម៌ធំទាំងពីរ អាចពង្រឹងការកសាងទំនុកចិត្តគ្នា ទៅវិញទៅមកផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញការផ្លាស់ប្តូរខាងអរិយធម៌ តាមរយៈកិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់។

ពេលបច្ចុប្បន្ន ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មធំទី៣របស់ប្រទេសចិន នៅក្នុងសហភាពអឺរ៉ុប ជាប្រទេសប្រភព នៃការវិនិយោគជាក់ស្តែងធំទី៣ និងជាប្រទេសនាំចូលបច្ចេកវិទ្យាធំទីពីរ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុត របស់បារាំងនៅអាស៊ី។ ទំនាក់ទំនងរវាងប្រទេស គឺឈរលើមូលដ្ឋាននៃការរាប់អានគ្នារវាងប្រជាជន។ ឆ្នាំទេសចរណ៍វប្បធម៌ចិន-បារាំង ដែលជិតបើកធ្វើនាពេលខាងមុខ នឹងរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌រាប់រយផ្នែក។ ពិព័រណ៍ "វិមានVersailles និងវាំងចាស់" ពិព័រណ៍សិល្បៈសម័យបច្ចុប្បន្នរបស់ប្រទេសចិន ពិពណ៌វត្ថុបុរាណនៃរាជវង្សថាងរបស់ប្រទេសចិន។ល។ សកម្មភាពដ៏សម្បូណ៍បែបទាំងនេះ នឹងជំរុញឱ្យអរិយធម៌ធំទាំងពីរចិននិងបារំាងរៀនសូត្រ ពីគ្នាទៅវិញទៅមកនិងក្រេបជញ្ជក់យក បទពិសោធន៍ទៅវិញទៅមក ហើយធ្វើឱ្យប្រជាជនចិននិងបារាំង មានការប្រាស្រ័យទាក់ទងកាន់តែច្រើន ក៏ដូចជាផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួត។

ពិភពលោកកាន់តែមានភាពរង្គោះរង្គើ កិច្ចសហប្រតិបត្តិការរវាងចិននិងបារាំង ក៏កាន់តែមានសារសំខាន់ទៅទៀត. ក្នុងរយៈពេល៦០ឆ្នាំខាងមុខ ការប្រាស្រ័យទាក់ទងរវាងប្រទេសចិននិងបារាំង មានហេតុផលបន្តប្រកាន់ខ្ជាប់ស្មារតីហ៊ានធ្វើមុនគេ ដើម្បីនាំមកនូវផលប្រយោជន៍ដល់ ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន