(គូឡាឡំាពួ)៖ អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុម៉ាឡេស្ទីន លោក Daim Zainuddin នៅថ្ងៃចន្ទនេះ បានឆ្លើយសារភាពថាគ្មានកំហុស ជុំវិញការមិនបានប្រកាសទ្រព្យសម្បត្តិឱ្យត្រឹមត្រូវ នៅក្រោមច្បាប់ប្រឆាំងអំពើពុករលួយ ខណៈដែលនេះជាសំណុំរឿងដ៏លេចធ្លោមួយ ក្នុងសកម្មភាពបង្រ្កាបអំពើពុករលួយ ដែលពាក់ព័ន្ធឥស្សរជនសំខាន់ៗរបស់ម៉ាឡេស៉ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

លោក Daim អាយុ ៨៥ឆ្នាំ ជាសម្ព័ន្ធមិត្តរបស់មេដឹកនាំជើងចាស់ គឺលោក Mahathir Mohamad ដែលជាសត្រូវដ៏យូរលង់របស់ នាយករដ្ឋមន្រ្តីបច្ចុប្បន្នលោក Anwar កំពុងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានស៉ើបអង្កេត ពីសំណាក់គណៈកម្មការប្រឆាំង អំពើពុករលួយម៉ាឡេស៊ី (MACC) លើការសង្ស័យថាមានទ្រព្យសម្បត្តិលើសពីការប្រកាស។ លោកស្រី Na'imah Abdul Khalid ដែលជាភរិយារបស់លោក Daim ក៏ត្រូវបានចោទប្រកាន់កាលពីសប្តាហ៍មុនផងដែរ ចំពោះការខកខានក្នុងការបង្ហាញទ្រព្យសម្បត្តិ ខណៈដែល MACC បានស្នើឲ្យកូនប្រុស ២នាក់របស់លោក Mahathir ដែលជាអ្នកជំនួញនោះគឺ លោក Mirzan និងលោក Mokhzani ប្រកាសទ្រព្យសម្បត្តិរបស់ពួកគេ។

លោក Daim ដែលធ្លាប់កាន់តួនាទីជារដ្ឋមន្ត្រីហិរញ្ញវត្ថុពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៩១ និងពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០១ បានចូលឆ្លើយបំភ្លឺក្នុងតុលាការដោយជិះរទេះរុញ ហើយត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំ បន្ទាប់ពីមេធាវីលើកឡើងពី បញ្ហាសុខភាពរបស់លោក។ លោកត្រូវបានចោទប្រកាន់ពីបទខកខាន ប្រកាសទ្រព្យសម្បត្តិដែលពាក់ព័ន្ធ នឹងក្រុមហ៊ុនចំនួន ៣៨ អចលនទ្រព្យចំនួន ២៥ និងរថយន្តទំនើបៗមួយចំនួន។ បទចោទនេះអាចជាប់ពន្ធនាគារយ៉ាងតិច ៥ឆ្នាំ និងពិន័យជាប្រាក់ ១០០,០០០រីងហ្គីត ឬស្មើនឹង ២១,១៦០ដុល្លារ។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តី លោក Anwar Ibrahim បានប្តេជ្ញាដោះស្រាយអំពើពុករលួយ ទោះបីជាក្រុមអ្នករិះគន់ចោទប្រកាន់ថា លោកបានប្រើភ្នាក់ងារប្រឆាំងអំពើពុករលួយ ដើម្បីកំណត់គោលដៅលើគូប្រជែងនយោបាយ។ ប៉ុន្តែលោក Anwar បានបដិសេធការចោទប្រកាន់នេះ។ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Ismail Sabri Yaakob ក៏ត្រូវបានសាកសួរ ដោយទីភ្នាក់ងារក្នុងខែនេះផងដែរ ជាផ្នែកមួយនៃការស៉ើបអង្កេតលើការប្រព្រឹត្តិខុស ដែលអាចកើតមានពាក់ព័ន្ធនឹង មូលនិធិសាធារណៈរបស់រដ្ឋាភិបាល៕

រូបភាពពី Reuters