(ព័រម៉ូរេសប៊ី)៖ រដ្ឋមន្រ្តីការបរទេសប៉ាពូអាស៉ីនូវែលហ្គីណេ (PNG) បានឱ្យដឹងថា ប្រទេសដែនកោះតំបន់ប៉ាស៉ីហ្វិកមួយនេះ កំពុងតែស្ថិតក្នុង​ដំណាក់កាលដំបូង នៃការពិភាក្សាជាមួយប្រទេសចិន ស្តីពីលទ្ធភាពនៃការចុះកិច្ចព្រមព្រៀងសន្តិសុខនិងប៉ូលិសមួយ បន្ទាប់ពីប៉ុន្មានសប្តាហ៍មកនេះ រដ្ឋធានីព័រម៉ូរេសប៊ីរបស់ខ្លួន បានប្រឈមសកម្មភាពកុបកម្មយ៉ាងវឹកវរ និងបង្កឱ្យមានមនុស្សស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការបរទេស PNG លោក Justin Tkachenko បាននិយាយថា ចិនបានទាក់ទងមកប៉ាពូអាស៉ីនូវែលហ្គីណេ កាលពីខែកញ្ញា ឆ្នាំមុន ដោយស្នើចង់គាំទ្រដល់ កងកម្លាំងប៉ូលិស PNG តាមរយៈការជួយបណ្តុះបណ្តាល ការផ្គត់ផ្គង់ជាសម្ភារ និងការផ្តល់បច្ចេកវិទ្យាផ្នែក​តាមដាន។ លោក Tkachenko បានលើកឡើងយ៉ាងដូច្នេះថា «នាពេលនេះ យើងកំពុងធ្វើប្រាស្រ័យទាក់ទងជាមួយប្រទេសចិន តែក្នុងកម្រិត​សេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះ។ ពួកគេជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់យើង ក៏ប៉ុន្តែពួកគេបានស្នើចង់ជួយគាំទ្រវិស័យប៉ូលិស និង​សន្តិសុខរបស់យើង ពាក់ព័ន្ធខាងសន្តិសុខផ្ទៃក្នុង»

លោក Tkachenko បានបន្ថែមថា PNG នឹងពិនិត្យវាយតម្លៃថាតើសំណើរបស់ចិន គឺអាចជាន់គ្នាជាមួយជំនួយផ្នែកសន្តិសុខនិង​ប៉ូលិស ដែលកំពុងស្នើដោយអូស្រ្តាលីនិងសហរដ្ឋអាមេរិកដែរឬទេ។ លោកបានសង្កត់ធ្ងន់ថា កិច្ចចរចាកំពុងស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ហើយ​ខាង PNG មិនទាន់បានសម្រេចចិត្តទទួលយកសំណើរបស់ចិនឡើយ នាពេលនេះ។ ចំពោះមុខការប្រជែងឥទ្ធិពលរបស់ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង នៅតំបន់ប៉ាស៉ីហ្វិក ប៉ាពូអាស៉ីនូវែលហ្គីណេ ដែលជាប្រទេសដែនកោះប៉ាស៉ីហ្វិកធំជាងគេបង្អស់ ធ្លាប់បានអះអាងថា អូស្រ្តាលីនិងអាមេរិក គឺជាដៃគូសន្តិសុខធំបំផុតរបស់ខ្លួន ហើយចិនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់។

គួរបញ្ជាក់ថា កាលពីខែធ្នូ ចុងឆ្នាំមុន PNG បានចុះកិច្ចព្រមព្រៀងផ្នែកសន្តិសុខ ដែលមានគិតជាទឹកប្រាក់ទំហំ១៣២លានដុល្លារអាមេរិក ដើម្បីជួយពង្រឹងវិស័យប៉ូលិសរបស់ខ្លួន ហើយការចុះកិច្ចព្រមព្រៀងនោះធ្វើឡើង នៅត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្រ្តី PNG លោក James Marape បាននិយាយនៅទីក្រុងស៉ីដនីនៃប្រទេសអូស្រ្តាលីថា រូបលោកមិនបានបើកកិច្ចពិភាក្សាជាមួយចិន ស្តីពីវិស័យ​សន្តិសុខនោះឡើយ អំលុងពេលលោកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែតុលា។ ចំណែក កាលពីខែឧសភា ឆ្នាំដដែល PNG បាន​ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ជាមួយសហរដ្ឋអាមេរិក អំលុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក លោក Antony Blinken ដើម្បីផ្តល់សិទ្ធិឱ្យយោធាអាមេរិក អាចប្រើប្រាស់កំពង់ផែនិងអាកាសយានដ្ឋានរបស់ PNG។

ក្នុងខែមករានេះ សកម្មភាពកុបកម្មបានផ្ទុះឡើងនៅទីក្រុងព័រម៉ូរេសប៊ីរបស់ PNG ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោច១៦នាក់ស្លាប់ ហើយហាងទំនិញធំៗ បានរងការដុតបំផ្លិចបំផ្លាញ និងត្រូវបានគេគាស់យកទំនិញខ្ទេចខ្ទីគ្មានសល់ បន្ទាប់ពីក្រុមប៉ូលិសបានធ្វើកូដកម្មជុំវិញ​បញ្ហាប្រាក់ខែ។ រដ្ឋាភិបាល PNG បានដាក់ពង្រាយកងកម្លាំងការពារជាតិរបស់ខ្លួន ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ប៉ុន្តែមិនបានស្នើជំនួយពីអូស្រ្តាលី នោះទេ៕

រូបភាពពី AFP