(អ៉ីស្លាម៉ាបាដ)៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ កំពុងស្ថិតក្នុងប្រទេសប៉ាគីស្ថាន ដើម្បីបើកកិច្ចពិភាក្សានាថ្ងៃចន្ទនេះ ខណៈប្រទេសទាំងពីរ កំពុងព្យាយាមស្វែងរក ការបន្ធូរបន្ថយភាពតានតឹង ក្រោយការវាយប្រហារចូលទឹកដីគ្នាទៅវិញទៅមក នាពេលកន្លងទៅថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

ក្រសួងការបរទេសប៉ាគីស្ថាន បានបង្ហោះរូបភាពនិងវីដេអូនៃដំណើរមកដល់ របស់រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Hossein Amir-Abdollahian នៅរដ្ឋធានីអ៉ីស្លាម៉ាបាដ កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ហើយក្រសួងបានឱ្យដឹងថា លោកប្រមុខការទូតអ៉ីរ៉ង់នឹងបើកកិច្ចពិភាក្សា ជាមួយសមភាគីប៉ាគីស្ថាន លោក Jalil Abbas Jilani ហើយជួបសំណេះសំណាល ជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Anwaar-ul-Haq Kakar នាថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមករា ប៉ាគីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើអ្វីដែលខ្លួនអះអាងថា ជាគោលដៅក្រុមសកម្មប្រយុទ្ធ នៅក្នុងទឹកដីអ៉ីរ៉ង់ ពោលគឺរយៈពេល២ថ្ងៃ បន្ទាប់ពីអ៉ីរ៉ង់បានធ្វើសកម្មភាពវាយប្រហារស្រដៀងគ្នា ចូលមកក្នុង​ទឹកដីរបស់ខ្លួន។ ភាគីទាំងពីរសុទ្ធតែបានអះអាង មានមនុស្សបាត់បង់ជីវិត ក្នុងការវាយប្រហារទាំងនោះ។ យ៉ាងណាក៏ដោយ អ៉ីរ៉ង់និងប៉ាគីស្ថាន បានប្រកាសភ្លាមៗពីបំណងចង់បន្ធូរបន្ថយស្ថានការណ៍វិញ ហើយប្រធានបេសកកម្មការទូតទាំងសងខាង ក៏បានត្រឡប់ទៅកាន់​តួនាទីដូចដើមវិញផងដែរ ក្រោយការកោះហៅឱ្យដកខ្លួនមួយភ្លែត៕

រូបភាពពីក្រសួងការបរទេសប៉ាគីស្ថាន