(តេហេរ៉ង់)៖ បេសកកម្មរបស់អ៉ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា ទីក្រុងតេហេរ៉ង់មិនបានចូលរួម ក្នុងការវាយប្រហារដោយយន្តហោះដ្រូន ដែលបានសម្លាប់ទាហានអាមេរិក ៣នាក់នៅឯភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៉ីរីនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានឲ្យដឹងថា អ៉ីរ៉ង់គ្មានទំនាក់ទំនង និងមិនបានជាប់ពាក់ព័ន្ធឡើយ ជាមួយនិងការវាយប្រហារលើមូលដ្ឋានរបស់សហរដ្ឋអាមេរិក។ នេះជាជម្លោះរវាងកងកម្លាំងអាមេរិក និងក្រុមអ្នកតស៊ូក្នុងតំបន់ដែលធ្វើសកម្មភាពសងសឹកវិញ។

គួរបញ្ជាក់ថា ប្រធានាធិបតី លោក ចូ បៃដិន បានស្តីបន្ទោសក្រុមគាំទ្រដោយអ៉ីរ៉ង់ជុំវិញការវាយប្រហារនេះ និងបានគំរាមសងសឹកវិញ។
ការវាយប្រហារនេះ បានបន្ថែមភាពតានតឹងលើស្ថានការណ៍នៅមជ្ឈិមបូព៌ា ដែលំពុងក្តៅរួចទៅក្រោយសង្រ្គាមផ្ទុះឡើងនៅតំបន់ហ្គាហ្សា៕

រូបភាពពី ​AFP