(វៀងចន្ទន៍)៖ មន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ាមួយរូប បានជួបជាមួយក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសឡាវនាថ្ងៃចន្ទនេះ ខណៈមន្រ្តីរូបនោះ គឺជាអ្នកតំណាងដំបូងបំផុតនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានមកចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់អាស៊ាន ក្នុងរយៈពេលប្រមាណជាង​២ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយនៅខែតុលា ឆ្នាំដដែលនោះ អាស៊ានបានសម្រេចហាម​មិនឱ្យថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរបស់អាស៊ានឡើយ ដោយបានស្នើឱ្យមីយ៉ាន់ម៉ាបញ្ជូន​អ្នកតំណាងមិនជាប់ពាក់ព័ន្ធនយោបាយ ឱ្យមកចូលរួមជំនួសវិញ។ របបយោធាមីយ៉ាន់ម៉ា មិនបានធ្វើតាមសំណើរបស់អាស៊ានឡើយ ដោយ​ទើបតែនាថ្ងៃចន្ទនេះប៉ុណ្ណោះ បានខ្លួនសម្រេចចិត្តបញ្ជូនលោកស្រី Marlar Than Htike ដែលមានតួនាទីប្រធាននាយកដ្ឋានសេដ្ឋកិច្ច​និងអង្គការអន្តរជាតិ នៃក្រសួងការបរទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Luang Prabang នៃប្រទេសឡាវ។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងការទូតរបស់អាស៊ាន ដើម្បីព្យាយាមដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា បានជួបឧបសគ្គជាបន្តបន្ទាប់ ដោយទទួល​បានភាពរីកចម្រើនតិចតួចប៉ុណ្ណោះ គិតចាប់តាំងតែពីឆ្នាំ២០២១មក នៅពេលដែលអាស៊ាន បានឯកភាពគ្នាលើផែនការសន្តិភាព៥ចំណុច។ សម្រាប់ឆ្នាំ២០២៤នេះ ឡាវត្រូវកាន់តួនាទីជាប្រធានអាស៊ានលើកដំបូង ចាប់តាំងពីឆ្នាំ២០១៦ ខណៈគ្រប់គ្នាកំពុងរង់ចាំមើលថា តើប្រទេសតូចមួយនេះ អាចសម្រេចបានវឌ្ឍនភាពខ្លះដែរឬទេ ក្នុងកិច្ចខិតខំដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ដ៏អូសបន្លាយមួយនេះ៕

រូបភាពពី AFP