(វ៉ាស៉ីនតោន)៖ សេតវិមាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានប្រកាសថា គោលនយោបាយរបស់ខ្លួនចំពោះអ៉ីស្រាអែល មិនមានការផ្លាស់ប្តូរនោះទេ ក្រោយពីមានសេចក្តីរាយការណ៍របស់ NBC News ថាសហរដ្ឋអាមេរិកកំពុងពិភាក្សាលើការប្រើការលក់អាវុធឲ្យ អ៊ីស្រាអែល ជាការដាក់សម្ពាធលើរដ្ឋាភិបាលអ៉ីស្រាអែលឲ្យបន្ថយការវាយលុកនៅតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

NBC News បានរាយការណ៍ថា តាមទិសដៅរបស់សេតវិមាន មន្ទីរបញ្ចកោណ បាន និងកំពុងពិនិត្យឡើងវិញនូវប្រភេទអាវុធ ដែលអ៉ីស្រាអែលស្នើសុំ សម្រាប់បង្កើនសមត្ថភាព ប៉ុន្តែគ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងទេ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏កំពុងពិចារណាលើវិធីសាស្រ្តពន្យឺត ឬផ្អាកការចែកចាយអាវុធដោយរំពឹងថា ការធ្វើដូច្នេះអាចធ្វើឲ្យអ៉ីស្រាអែលចាត់វិធានការ ដូចជាការបើកច្រករបៀងមនុស្សធម៌ ដើម្បីផ្តល់ជំនួយ បន្ថែមទៀតសម្រាប់ជនស៉ីវិលប៉ាឡេស្ទីន។

អ្នកនាំពាក្យមួយរូបរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានបញ្ជាក់ថា «អ៉ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចដើម្បីការពារខ្លួន ដោយគោរពទៅ តាមច្បាប់មនុស្សធម៌អន្តរជាតិ និងការពារជីវិតជនស៉ីវិល ហើយយើងនៅតែប្តេជ្ញាចិត្តគាំទ្រអ៉ីស្រាអែលក្នុងការប្រយុទ្ធប្រឆាំងក្រុមហាម៉ាស។ យើងបាន ធ្វើដូច្នេះតាំងពីថ្ងៃទី៧ ខែតុលាមក ហើយនឹងបន្តធ្វើទៀតដោយគ្មានការផ្លាស់ប្តូរ»។ នៅពេលត្រូវបានសាកសួររបាយការណ៍របស់ NBC News មន្រ្តីនាំពាក្យដដែលរូបនោះ បានឆ្លើយតបថា «មិនមានសំណើណាមួយរបស់ក្រសួងការពារជាតិ តាមរយៈសេតវិមាន ដើម្បីពន្យឺតការដឹកជញ្ជូន អាវុធដល់អ៉ីស្រាអែលទេ»

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់យ៉ាងច្រើនក្នុងសង្គ្រាមអ៉ីស្រាអែល-ហាម៉ាសនៅតំបន់ហ្កាហ្សា បានបង្កការព្រួយបារម្ភជាអន្តរជាតិ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់និយាយសំដៅទៅលើការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែលថា «ខ្វះភាពប្រុងប្រយ័ត្ន» ដែរ ប៉ុន្តែវ៉ាស៊ីនតោនមិនបានអំពាវនាវឲ្យ មានបទឈប់បាញ់នោះទេ ដោយថាវិធានការបែបនេះនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស ដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សា៕

រូបភាពពី Reuters