(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ឈប់លូកលាន់ជ្រៀតជ្រែក កិច្ចការបោះឆ្នោតរបស់កោះតៃវ៉ាន់ និង​បានថ្កោលទោស ការធ្វើទស្សនកិច្ចទៅវិញទៅមក រវាងអាមេរិកនិងដែនកោះនេះ បន្ទាប់ពីទីក្រុងវ៉ាស៉ីនតោន បានបង្ហើបថាខ្លួនមានផែនការ បញ្ជូនគណៈប្រតិភូក្រៅផ្លូវការ ក្រោយការបោះឆ្នោតរើសមេដឹកនាំ និងសភាតៃវ៉ាន់អាណត្តិថ្មី ដែលត្រូវប្រព្រឹត្តទៅនាចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយយ៉ាងដូច្នេះថា «ទីក្រុងវ៉ាស៉ីនតោន ចាំបា់ត្រូវបញ្ឈប់សកម្មភាព​ជ្រៀតជ្រែកគ្រប់ទម្រង់ ក្នុងដំណើរការបោះឆ្នោតនៅតំបន់តៃវ៉ាន់ ដើម្បីចៀសវាងបង្កការខូចខាតធ្ងន់ធ្ងរបន្ថែមទៀត ចំពោះទំនាក់ទំនងចិន-សហរដ្ឋអាមេរិក។ ចិនតែងតែប្រកាន់ជំហរជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះការធ្វើប្រាស្រ័យទាក់ទងគ្នាផ្លូវការ មិនថាក្នុងទម្រង់ណាមួយនោះទេ រវាងអាមេរិកនិងតៃវ៉ាន់។ នៅលើពិភពលោកនេះ មានប្រទេសចិនតែមួយគត់ ហើយកោះតៃវ៉ាន់ជាផ្នែកពុំអាចកាត់ផ្តាច់បាន នៃទឹកដីរបស់​ចិន។

គួរបញ្ជាក់ថា ការបញ្ចេញប្រតិកម្មដូចខាងលើ របស់ទីក្រុងប៉េកាំងធ្វើឡើង បន្ទាប់ពីអាមេរិកបានប្រកាសឱ្យដឹង អំពីគម្រោងបញ្ជូនប្រតិភូមួយ ក្នុងលក្ខណៈ «ក្រៅផ្លូវការ» ទៅកាន់តៃវ៉ាន់ ក្រោយការបោះឆ្នោតរើសមេដឹកនាំថ្មី និងការបោះឆ្នោតរើសសមាជិកសភា នៅដែនកោះនេះ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍។ ជាមួយគ្នា លោកស្រី Mao ក៏បានថ្កោលទោសអាមេរិកផងដែរ សម្រាប់ការព្រមានមកលើចិនកុំឱ្យបង្ក​ភាពតានតឹង ជុំវិញការបោះឆ្នោតនៅតៃវ៉ាន់។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «តៃវ៉ាន់គឺជាបញ្ហាចម្បងបំផុតនៃផលប្រយោជន៍ស្នូល​របស់ប្រទេសចិន ហើយជាខ្សែបន្ទាត់ក្រហមលេខ១ ដែលមិនត្រូវឈានជើងរំលងដាច់ខាត ក្នុងទំនាក់ទំនងចិន-អាមេរិក»

រូបភាពពី Reuters