(ប៉េកាំង)៖ ទីក្រុងប៉េកាំងបានប្រកាសឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នឹងបំពេញទស្សនកិច្ចទៅកាន់ ​អេហ្ស៉ីបនិងទុយនីស៉ីក្នុងសប្តាហ៍នេះ ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសសរុបចំនួន៤ ក្នុងទ្វីបអាហ្រ្វិក មុនពេលត្រូវបន្ត​ឆ្ពោះទៅកាន់ប្រទេស២ទៀត នៅឯតំបន់អាមេរិកឡាទីនថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា លោក Wang Yi នឹងធ្វើដំណើរទៅកាន់អេហ្ស៉ីប ទុយនីស៉ី តូហ្គោ និងកូឌីវ័រ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមករា ហើយបន្ទាប់ពីនោះ រូបលោកក៏នឹងបន្តដំណើរទៅបំពេញទស្សនកិច្ចនៅប្រេស៉ីល ព្រមទាំងហ្សាម៉ាអ៉ីកផងដែរ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមករា។ ទស្សនកិច្ចរបស់លោក Wang ទៅកាន់អេហ្ស៉ីប នឹងកើតមានឡើង ក្រោយការបំពេញទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ទីនោះ ក្រោមគោលដៅព្យាយាមទប់ស្កាត់កុំឱ្យ ​សង្រ្គាមអ៉ីស្រាអែលប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន រីករាលដាលពេញតំបន់។

គួរបញ្ជាក់ថា ទស្សនកិច្ចចេញក្រៅប្រទេសរបស់លោក Wang Yi នឹងគាប់ជួបពេលគ្នាជាមួយ ដំណើរទស្សនកិច្ចក្រៅប្រទេសមួយទៀត ​ដោយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិន គឺនាយករដ្ឋមន្រ្តីចិន​ លោក Li Qiang នៅក្នុងសប្តាហ៍នេះ។ ចាប់ពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ រហូតដល់​ថ្ងៃពុធសប្តាហ៍ក្រោយ លោក Li នឹងធ្វើដំណើរទៅកាន់ប្រទេសស្វីស ជាទីដែលលោកនឹងចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ ហើយ​បំពេញទស្សនកិច្ចផ្លូវរដ្ឋ។ មិនតែប៉ុណ្ណោះ លោក Li ក៏នឹងបន្តទៅបំពេញទស្សនកិច្ចនៅប្រទេសអៀរឡង់ ថែមទៀតផង តបតាមការអញ្ជើញរបស់​នាយករដ្ឋមន្រ្តីអៀរឡង់ លោក Leo Varadkar៕

រូបភាពពី Reuters