(ហែលស៉ិនគី)៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វាំងឡង់ លោកស្រី Sari Essayah បានប្រាប់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃពុធសប្តាហ៍នេះថា ហ្វាំងឡង់ បានសម្រេចពន្យារពេលបិទព្រំដែនរបស់ខ្លួនជាមួយរុស្ស៉ី ដែលដំបូងឡើយនឹងត្រូវអស់សុពលភាពនៅថ្ងៃទី១៥ ខែមករា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។

កាលពីចុងឆ្នាំ២០២៣ ហ្វាំងឡង់បានបិទព្រំដែនជាមួយរុស្ស៉ី ដើម្បីទប់ស្កាត់ការកើនឡើង នូវជនភៀសខ្លួនឆ្លងចូលមកក្នុងប្រទេស ដោយនិយាយថា រុស្ស៉ីជាអ្នករៀបចំឲ្យមានលំហូរជនភៀសខ្លួន ខណៈវិមានក្រឹមឡាំបានច្រានចោលនូវការលើកឡើងបែបនេះ។ នៅពេលត្រូវបានសួរថា តើព្រំដែននឹងនៅតែបិទទៀតទេឬទេ លោកស្រី Essayah បានឆ្លើយតបថា «ព្រំដែននៅតែត្រូវបន្តបិទ»។ ប្រព័ន្ធផ្សព្វផ្សាយហ្វាំងឡង់ ក៏បានរាយការណ៍ដែរថា រដ្ឋាភិបាលនឹងបន្តពន្យារពេលចំពោះវិធានការនេះ។

គួរបញ្ជាក់ថា បើតាមឆ្មាំព្រំដែនហ្វាំងឡង់ អ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល ៩០០នាក់ មកពីប្រទេសដូចជា កេនយ៉ា ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី ស៉ីរី និងយេម៉ែន បានព្យាយាមចេញពីរុស្ស៉ីចូលមកហ្វាំងឡង់ នៅក្នុងខែវិច្ឆិកា ឆ្នាំមុន៕

រូបភាពពី Reuters