(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា កូរ៉េខាងត្បូងនឹងផ្តល់ជំនួយមនុស្សធម៌ ស្មើនឹងទឹកប្រាក់​៣លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ដើម្បីគាំទ្រកិច្ចប្រឹងប្រែងជួយសង្រ្គោះ និងស្ថាបនាឡើងវិញនៅឧបទ្វីប Noto នៃខេត្ត Ishikawa ដែលបានទទួលរង​គ្រោះរញ្ជួយដីធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា ជំនួយនេះនឹង​ជួយដល់ការងារស្ថាបនាឡើងវិញ នៃតំបន់ដែលរងការបំផ្លិចបំផ្លាញ ហើយអាចឱ្យប្រជាជនក្នុងតំបន់ វិលត្រឡប់ទៅរកស្ថានភាពរស់នៅប្រចាំថ្ងៃ ដូចដើមវិញក្នុងពេលឆាប់ៗ»។

ក្រសួងការបរទេសជប៉ុន បានឆ្លើយតបទៅវិញថា «ពួកយើងពិតជាស្វាគមន៍និងអរគុណជាខ្លាំង ចំពោះការសម្រេចចិត្តនេះ ដែលស្តែងឱ្យឃើញអំពី​ទំនាក់ទំនងប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជប៉ុននិងប្រតេសកូរ៉េខាងត្បូង»។ កាលពីសប្តាហ៍មុន ជប៉ុនបាននិយាយថា ខ្លួនកំពុងតែ​ស្ថិតក្នុងកិច្ចពិភាក្សាគ្នាជាមួយសហរដ្ឋអាមេរិក ស្តីពីការផ្តល់ជំនួយបន្ទាន់ ហើយបានបដិសេធសំណើចង់ផ្តល់ជំនួយពីប្រទេសដទៃទៀត រួមមានទាំងចិន ជាបណ្តោះអាសន្នសិន។ ក្រោយមក ទីក្រុងតូក្យូបានប្រកាសជាថ្មីថា នឹងយល់ព្រមទទួលយកជំនួយ ដរាបណាវាមិនបង្កបញ្ហាស្មុគស្មាញផ្នែកឡូជីស្ទីគ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ ដែលកើតមានកាលពីថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល បានផ្តាច់ជីវិតមនុស្សសរុបលើស២០០នាក់ នៅប្រទេសជប៉ុន ហើយបង្ខំឱ្យមនុស្សជាង២៦,០០០នាក់ផ្សេងទៀត ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕

រូបភាពពី Reuters