(កៀវ)៖ មន្រ្តីក្នុងតំបន់បាននិយាយថា មីស៉ីល ២គ្រាប់ របស់រុស្ស៉ីបានធ្លាក់ចំសណ្ឋាគារមួយកន្លែង នៅកណ្តាលទីក្រុងធំទី២ របស់អ៊ុយក្រែនគឺទីក្រុង Kharkiv កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យមនុស្ស ១១នាក់រងរបួស ក្នុងនោះមានម្នាក់របួសធ្ងន់។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។

អភិបាលក្រុង Kharkiv លោក Oleh Synehubov បានបង្ហោះសារលើបណ្តាញតេឡេក្រាមថា ការវាយប្រហារដោយមីស៉ីល S-300 កើតឡើងនៅវេលា ម៉ោងប្រហែល ១០ និង៣០នាទីយប់ ក្នុងស្រុក Kyiv នៃទីក្រុង Kharkiv។ មនុស្ស ៩នាក់ ក្នុងចំណោមអ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ហើយអ្នកកាសែតតួកគីម្នាក់ ក៏ស្ថិតក្នុងចំណោមអ្នករងរបួស ដែលក្នុងនោះមានបុរសអាយុ ៣៥ឆ្នាំម្នាក់រងរបួសធ្ងន់ផងដែរ។

គួរបញ្ជាក់ថា សណ្ឋាគារខាងលើមានភ្ញៀវ ២៣នាក់ និងបុគ្គលិក ៨នាក់កំពុងស្នាក់ អំឡុងពេលមានការវាយប្រហារកើតឡើង។​ ប៉ុន្តែ ខាងក្រសួងការពារជាតិរុស្ស៉ី មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយ នៅឡើយទេ៕

រូបភាពពី Reuters