(យូអិន)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំអង្គការសហប្រជាជាតិ (UN) លោក Hwang Joon-kook នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនបានក្លាយទៅជាកន្លែងធ្វើតេស្តសមត្ថភាពមីស៊ីលរបស់កូរ៉េខាងជើង បន្ទាប់ពីសេតវិមានចោទថារុស្ស៉ីបានប្រើប្រាស់មីស៊ីលផ្ដល់ដោយទីក្រុងព្យុងយ៉ាង ក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។

តាមលោក Hwang Joon-kook ការប្រើប្រាស់មីស៊ីលកូរ៉េខាងជើងរបស់រុស្ស៉ី បានផ្ដល់ឱ្យទីក្រុងព្យុងយ៉ាងនូវការសិក្សាយ៉ាងមានសារៈសំខាន់លើបច្ចេកទេស និងសមត្ថភាព មីស៊ីលរបស់ខ្លួននៅលើសមរភូមិជាក់ស្ដែងមួយ។ «តាមរយៈការនាំចេញមីស៊ីលទៅកាន់រុស្ស៉ី DPRK (កូរ៉េខាងជើង) កំពុងប្រើប្រាស់អ៊ុយក្រែនជាកន្លែងធ្វើតេស្ដមីស៊ីលមាន សមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន»។ នេះជាការគូសបញ្ជាក់របស់លោក Hwang Joon-kook។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំ UN រូបនេះបានបន្ថែមថា តាមការវិភាគរបស់អ្នកជំនាញមួយចំនួន មីស៊ីលដែលត្រូវបានរុស្ស៉ីប្រើក្នុងការវាយប្រហារលើអ៊ុយក្រែន គឺជាប្រភេទ មីស៊ីល KN-23 ដែលកូរ៉េខាងជើងអះអាងថាមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយមានមីស៊ីលនេះមួយគ្រាប់ហោះបានចម្ងាយ ៤៦០គីឡូម៉ែត្រ ជាចម្ងាយមួយ ដែលព្យុងយ៉ាងអាចវាយប្រហារលើទីក្រុងកំពង់ផែប៊ូសាន របស់កូរ៉េខាងត្បូង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន កាលពីថ្ងៃពុធសប្ដាហ៍នេះក៏បានថ្កោលទោសផងដែរនូវអ្វីដែលពួកគេបានចោទថារុស្ស៉ីបានប្រើមីស៊ីលផ្គត់ផ្គង់ដោយ កូរ៉េខាងជើង វាយប្រហារលើអ៊ុយក្រែន។ ប៉ុន្តែ ប្រមុខការទូតរុស្ស៉ីប្រចាំ UN បាននិយាយថាសហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយព័ត៌មានមិនពិត ហើយក៏មិនបានបដិសេធថារុស្ស៉ី បានប្រើមីស៊ីលកូរ៉េខាងជើងមែន ឬក៏យ៉ាងណានោះដែរ៕

រូបភាពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA