(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករានេះថាមេដឹកនាំរបបសឹក លោក Min Aung Hlaing បានជួបពិភាក្សា ការងារជាមួយបេសកជនពិសេសអាស៊ាន ខណៈប្រទេសឡាវគឺជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Global New Light of Myanmar បានឱ្យដឹងថា លោក Min Aung Hlaing បានជួបលោក Alounkeo Kittikhoun ដែលជាបេសកជនពិសេស របស់ឡាវដែលជា ប្រធានអាស៊ាន នៅក្នុងរដ្ឋធានីណៃពិដោ ខណៈមានការខកចិត្តជាច្រើនចំពោះការខ្វះភាពរីកចម្រើនទៅមុខក្នុងដំណើរការស្វែងរកសន្តិភាព នៅក្រោមផែនការមួយ ដែលត្រូវបានឯកភាពគ្នាឡើងនៅក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ក្នុងនោះរួមមានទាំងមីយ៉ាន់ម៉ាផងដែរ កាលពីចុងឆ្នាំ២០២១។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ានេះដដែល ថ្នាក់ដឹកនាំទាំង២ បានពិភាក្សាគ្នាពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការស្វែងរកសន្តិភាព និងស្ថិរភាព ព្រមទាំង ការផ្សះផ្សារជាតិ។ ចំណែក លោក Min Aung Hlaing ក៏បានសង្កត់ធ្ងន់ដែរថារដ្ឋបាលរបស់លោកកំពុងអនុវត្តតាមផែនការសន្តិភាព ៥ចំណុចរបស់អាស៊ាន ក្រោម ការសម្របជាមួយផែនការរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (រដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ា)។

គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានខែចុងក្រោយនេះ យោធារបបសឹកមីយ៉ាន់ម៉ា បានបាត់បង់ទឹកដីគ្រប់គ្រងជាបន្តបន្ទាប់ នៅចំពោះមុខការបង្កើនការវាយលុកពីចលនា ប្រដាប់អាវុធជនជាតិភាគតិច ដែលកំពុងគំរាមកំហែងដល់អំណាចរបស់ពួកគេធំបំផុតមិនធ្លាប់មាន ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១មក៕

រូបភាពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា