(ប៉េកាំង)៖ ចិន នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករានេះបានបង្ហាញក្ដីរំពឹងថាប្រជាជនតៃវ៉ាន់ភាគច្រើន នឹងធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ ភ្ជាប់ជាមួយការព្រមានថា បេក្ខជនមេដឹកនាំតៃវ៉ាន់មកពីគណបក្សកាន់អំណាច លោក Lai Ching-te គឺជាមនុស្សគ្រោះថ្នាក់ដែលអាចបង្កឱ្យជម្លោះ ឬការប្រឈមមុខដាក់គ្នានៅក្នុង តំបន់ច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិន មិនបានបង្ហាញជាសាធារណៈថាខ្លួនគាំទ្របេក្ខជនមេដឹកនាំតៃវ៉ាន់ណាម្នាក់នោះទេ ហើយក៏មិនបានបញ្ជាក់ថាតើអ្វីទៅជាជម្រើសត្រឹមត្រូវដែលខ្លួនបាន លើកឡើងនោះដែរ។ លោក Chen Binhua ជាអ្នកនាំពាក្យម្នាក់មកពីការិយាល័យចិនទទួលបន្ទុកកិច្ចការតៃវ៉ាន់ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Lai Ching-te មកពីគណបក្សកាន់អំណាចតៃវ៉ាន់ គឺគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) គឺជាមនុស្សម្នាក់ដែលចង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ ដូច្នេះប្រសិនបើលោក Lai ជាប់ឆ្នោត នោះលោកអាចនឹងជំរុញសកម្មភាពរបស់ក្រុមឧទ្ទាម។

សេចក្ដីថ្លែងការណ៍ដដែល បានស្រង់សម្ដីលោក Chen Binhua ដែលបានកត់សម្គាល់ដូច្នេះថា «ខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រថាជនរួមជាតិតៃវ៉ាន់ភាគច្រើននឹង ទទួលស្គាល់ពីភាពគ្រោះថ្នាក់របស់ DPP និងលោក Lai Ching-te ដែលអាចនឹងបង្កទៅជាជម្លោះ និងការប្រឈមមុខដាក់គ្នានៃត្រើយទាំងសង នៃច្រកសមុទ្រតៃវ៉ាន់ ហើយនឹងធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ ក្នុងពេលទំនាក់ទំនងនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់កំពុងស្ថិតនៅផ្លូវបំបែក»

គួរបញ្ជាក់ថា តៃវ៉ាន់នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី និងសភា នៅថ្ងៃសៅរ៍ ទី១៣ ខែមករា នាចុងសប្ដាហ៍នេះ។ កាលពីដើមសប្ដាហ៍នេះ លោក Lai Ching-te បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាលោកនឹងរក្សា «ស្ថានភាពដើម» នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជានឹងលើកកម្ពស់សន្តិភាព ប្រសិនបើជាប់ឆ្នោតជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ ព្រមទាំងបើកចំហកិច្ចពិភាក្សាជាមួយទីក្រុងប៉េកាំង ផ្អែកលើគោលការណ៍ស្មើភាព និងសេចក្ដីថ្លៃថ្នូរ៕

រូបភាពពី Reuters