(ព្រុចសែល)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា NATO បាននិយាយថាបណ្ដាប្រទេសជាសមាជិករបស់ខ្លួនបានបញ្ជាក់ប្រាប់ អ៊ុយក្រែនថាពួកគេនឹងបន្តផ្ដល់ជំនួយយោធា សេដ្ឋកិច្ច និងមនុស្សធម៌ សម្រាប់ទីក្រុងកៀវ នៅចំពោះមុខការប្រយុទ្ធតស៊ូប្រឆាំងនឹងកងកម្លាំងរុស្ស៉ីនៅក្នុង សង្រ្គាមមានរយៈពេលជិត ២ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយក្រោយកិច្ចប្រជុំតាមវីដេអូជាមួយអ៊ុយក្រែន កាលពីថ្ងៃពុធសប្ដាហ៍នេះ ប្រមុខ NATO លោក Jens Stoltenberg ក៏បានឱ្យដឹងដែរថាបណ្ដារដ្ឋជាសមាជិកបានគូសបញ្ជាក់ពីផែនការដើម្បីផ្ដល់ជំនួយរាប់ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនក្នុងឆ្នាំ២០២៤។ « NATO ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីល និងយន្ដហោះដ្រូនពីសំណាក់រុស្ស៉ីប្រឆាំងនឹងជនស៊ីវិលអ៊ុយក្រែន ក្នុងនោះរួមមាន ទាំងការប្រើប្រាស់អាវុធបានមកពីកូរ៉េខាងជើង និងអ៉ីរ៉ង់»។ នេះការបញ្ជាក់របស់លោក Stoltenberg ដោយបន្ថែមថា «ខណៈមូស្គូកំពុងបង្កើន ការវាយប្រហារលើបណ្ដាទីក្រុងអ៊ុយក្រែន និងជនស៊ីវិល សម្ព័ន្ធមិត្ត NATO កំពុងជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន»

គួរបញ្ជាក់ថា រុស្ស៉ីបានបង្កើនការវាយប្រហារយ៉ាងខ្លាំងលើអ៊ុយក្រែន ចាប់តាំងពីថ្ងៃចូលឆ្នាំសកលមក ជាពិសេសគឺទីក្រុងកៀវ និងទីក្រុងខាកៀវ ដែល កំពុងប្រឈមមុខនឹងរលកវាយប្រហារតាមផ្លូវអាកាសធ្ងន់ធ្ងរ។ ចំណែក កិច្ចប្រជុំ NATO កាលពីថ្ងៃពុធ គឺធ្វើឡើងតបតាមសំណើរបស់អ៊ុយក្រែន៕

រូបភាពពី Reuters