(វីលនីស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមាននៅថ្ងៃពុធសប្តាហ៍នេះថា ការពន្យារពេលណាមួយនៃជំនួយរបស់លោកខាងលិចដល់ក្រុងកៀវ នឹងធ្វើឱ្យវិមានក្រឹមឡាំងកាន់តែមានភាពរឹងមាំ និងបានដៃឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

លោក Zelensky កំពុងស្ថិតនៅក្នុងរដ្ឋធានី Vilnius របស់ប្រទេសលីទុយអានី ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល ទៅកាន់សម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ទីក្រុងកៀវ។

លោកបាននិយាយនៅក្នុងសន្និសីទកាសែតជាមួយសមភាគីលីទុយអានី លោក Gitanas Nauseda ដូច្នេះថា «លោក (ពូទីន) នឹងមិនឈប់ទេ។ គាត់ចង់កាន់កាប់យើងទាំងស្រុង»។ លោក Zelensky បានបន្ថែមថា «ពេលខ្លះ ភាពមិនច្បាស់លាស់របស់ដៃគូយើង ទាក់ទងនឹងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែន មានត្រឹមតែបង្កើនភាពក្លាហាន និងកម្លាំងរបស់រុស្ស៊ីប៉ុណ្ណោះ»

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានព្រមានទៀតថា លោក ពូទីន នឹងមិនឈប់ត្រឹមអ៊ុយក្រែនទេ ប៉ុន្តែនឹងវាយប្រហារប្រទេសជិតខាងផ្សេងទៀត លុះត្រាតែសម្ព័ន្ធមិត្តរួបរួមកម្លាំងដើម្បីបញ្ឈប់គាត់។» លោកបានបន្ថែមថា «យើងត្រូវតែយល់ថា ប្រទេសលីទុយអានី ឡាតវី អេស្តូនី និងម៉ុលដាវី អាចនឹងជាអ្នកបន្ទាប់ ប្រសិនបើយើង (អ៊ុយក្រែន) មិនអាចទប់ទល់ (រុស្ស៊ី) បាន»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះ បានកើតឡើងចំពេលដែលអ៊ុយក្រែន កំពុងប្រឈមមុខនឹងការវាយប្រហារតាមផ្លូវអាកាសជាថ្មីពីប្រទេសរុស្ស៊ី ដែលជំរុញឱ្យមានការអំពាវនាវការគាំទ្របន្ថែមទៀតសម្រាប់ទីក្រុងកៀវ ដែលកំពុងខ្វះខាតយ៉ាងខ្លាំងនូវប្រព័ន្ធការពារដែនអាកាសទំនើប។ ដំណើរ​ទស្សនកិច្ច​របស់​លោក Zelensky ទៅកាន់​ប្រទេស​លីទុយអានីនេះ ក៏​បាន​កើត​ឡើងចំពេលដែល​ការ​គាំទ្រ​ក្នុង​ចំណោម​អ្នក​គាំទ្រ​លោកខាងលិច​មួយចំនួនមានការរអាក់រអួលផងដែរ៕