(ប៉េកាំង)៖ ប្រជាជនតៃវ៉ាន់នឹងត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ពួកគេ នៅថ្ងៃសៅរ៍ ទី១៣ ខែមករា នាចុងសប្ដាហ៍នេះ ជាការបោះឆ្នោតមួយត្រូវបានក្រុមមន្ត្រីចិន ចាត់ទុកថាជាជម្រើសរវាង «សង្រ្គាម និងសន្តិភាព»។ បេក្ខជនមេដឹកនាំតៃវ៉ាន់នាំមុខគេ គឺលោក Lai Ching-te មកពីគណបក្សវឌ្ឍភាពប្រជាធិបតេយ្យ DPP ដែលជា បក្សកាន់អំណាចបច្ចុប្បន្ននៅតែវ៉ាន់ ត្រូវបានចិនចាត់ទុកជា «ជនបំផ្លាញសន្តិភាព និងជាមនុស្សរឹងក្បាលចង់ឱ្យតៃវ៉ាន់មានឯករាជ្យ»។

ទីក្រុងប៉េកាំងបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិន ហើយបានសន្យាថានឹងបង្រួបបង្រួមជាតិជាមួយដែនកោះមួយនេះនៅថ្ងៃណាមួយ។ តាមពិតទៅ ក្រុមអ្នកវិភាគ ជាច្រើនជឿជាក់ថាសង្រ្គាមនៅតៃវ៉ាន់នឹងមិនផ្ទុះឡើងឡើយ ក្នុងរយៈពេលអនាគគដ៏ខ្លីខាងមុខ ប៉ុន្តែការជជែកវែកញែកថាតើសង្រ្គាមនេះនឹងកើតឡើងដែរ ឬក៏យ៉ាងណា នៅតែបន្តកើតមាននៅក្នុងចំណោមអ្នករៀបចំគោលនយោបាយយោធាទាំងតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ ខាងក្រោមនេះគឺជាជម្រើសដែលទីក្រុងប៉េកាំងអាចនឹងយកមកប្រើ ប្រសិនបើសម្រេចវាយតៃវ៉ាន់៖

* កម្ចាត់មេដឹកនាំកំពូលៗរបស់តៃវ៉ាន់
ទីក្រុងប៉េកាំង បានបង្កើនការបង្ហាញសាច់ដុំយោធារបស់ខ្លួន តាមរយៈការបញ្ជូនយន្ដហោះចម្បាំងឱ្យធ្វើសកម្មភាពហោះហើរជាប្រចាំជុំវិញកោះតៃវ៉ាន់ ខណៈនាវាចម្បាំងវិញ តែងតែបង្ហាញវត្តមាននៅក្បែរដែនទឹកតៃវ៉ាន់។ មិនតែប៉ុណ្ណោះ យោធាចិនក៏ធ្លាប់បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយយ៉ាងធំសម្បើមចំនួន២ លើកផងដែរ ក្នុងរយៈពេលជាង មួយឆ្នាំកន្លះមកនេះ និងបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង Shandong ធ្វើដំណើរជាញឹកញាប់ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែករវាងចិន និងតៃវ៉ាន់។

លោក Ou Si-fu ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថានរបស់តៃវ៉ាន់សម្រាប់វិស័យការពារជាតិ និងស្រាវជ្រាវសន្តិសុខ (Taiwan’s Institute for National Defence and Security Research) បាននិយាយថាដោយផ្អែកលើសមយុទ្ធយោធានាពេលកន្លងមក វាមានភាគរយអាចទៅរួចថាចិនអាចនឹងវាយប្រហារតាមផ្លូវអាកាស និងបាញ់មីស៊ីលកម្ទេច ហេដ្ឋារចនាសម្ព័ន្ធយោធាតៃវ៉ាន់។ ក្នុងន័យនេះ ចិនអាចនឹងវាយប្រហារដោយប្រើមីស៊ីលបាញ់កម្ទេចទីបញ្ជាការកណ្ដាល មូលដ្ឋានកងទ័ពអាកាស និងជើងទឹក ដើម្បីកម្ចាត់ មេដឹកនាំកំពូលៗរបស់តៃវ៉ាន់ រួមទាំងឃ្លាំងស្ដុកអាវុធតៃវ៉ាន់។ «នៅពេលដែលអ្នកអាចកម្ចាត់មេដឹកនាំនយោបាយ ឬមេដឹកនាំយោធាកំពូលៗ នោះពួកគេមិនអាចបញ្ជាកងទ័ព ដើម្បីការពារតៃវ៉ាន់បាននោះទេ»។ នេះជាការយល់ឃើញរបស់លោក Ou Si-fu ។

* ការបិទខ្ទប់
នៅក្នុងសេណារីយ៉ូនេះ ចិនអាចប្រើជម្រើសដណ្ដើមគ្រប់គ្រងកោះចំនួន ២ របស់តៃវ៉ាន់ គឺកោះ Kinmen និង Matsu ដែលស្ថិតនៅចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ ប៉ុណ្ណោះ ពីតំបន់ឆ្នេររបស់ចិន។ ចិន ក៏អាចប៉ុនប៉ងអនុវត្តការ «បិទខ្ទប់ទាំងស្រុង» លើតៃវ៉ាន់ផងដែរ ដើម្បីរារាំងកុំឱ្យនរណាម្នាក់ ឬក៏កប៉ាល់ដឹកទំនិញចេញ និងចូលកោះតៃវ៉ាន់។ កាលពីខែមេសា ឆ្នាំ២០២៣ កងទ័ពរំដោះប្រជាជនចិន PLA បានដឹកនាំការធ្វើសមយុទ្ធហាត់សមបិទខ្ទប់តៃវ៉ាន់ រយៈពេល៣ថ្ងៃ ជាការឆ្លើយតបទៅនឹងជំនួបរវាង អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy និងមេដឹកនាំចំាផ្ទះរបស់តៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងរដ្ឋ California។

នៅក្នុងរបាយការណ៍ឆ្នាំ២០២៣ ក្រសួងការពារជាតិតៃវ៉ាន់ ក៏ធ្លាប់បានលើកឡើងពីសេណារីយ៉ូបិទខ្ទប់នេះដែរ។ របាយការណ៍នោះបាននិយាយថា «កងទ័ព PLA អាចអនុវត្ត ការបិទខ្ទប់លើកំពង់ផែ អាកាសយានដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធយោធា បណ្ដេញទូរគមនាគមន៍ទាំងអាកាស និងសមុទ្ររបស់តៃវ៉ាន់ ដើម្បីសម្រេចគោលដៅនៃប្រតិបត្តិការរបស់ ចិន នោះគឺខ្ទប់កុំឱ្យយន្ដហោះចម្បាំង និងនាវាចម្បាំងតៃវ៉ាន់អាចធ្វើសកម្មភាពបាន»។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគខ្លះយល់ថាការបិទខ្ទប់អាចនឹងត្រូវការពេលវេលា ដើម្បីអាចបង្ក ការខូចខាត និងកាត់ផ្ដាច់ច្រកសមុទ្រតៃវ៉ាន់ តែព្រមពេលជាមួយគ្នា ការកាត់ផ្ដាច់ច្រកសមុទ្រតៃវ៉ាន់ដែលជាផ្លូវទឹកដឹកជញ្ជូនដ៏មមាញឹកមួយ អាចនឹងបង្ខំឱ្យមានអន្តរាគមន៍ពី ប្រទេសទី៣។

តួយ៉ាង របាយការណ៍មួយចេញផ្សាយដោយអង្គការ International Crisis Group (ICG) បានកត់សម្គាល់ថា «វាមិនច្បាស់នោះទេថាតើចិនត្រូវប្រើពេលយូរប៉ុនណា ដើម្បី បិទខ្ទប់តៃវ៉ាន់ទាំងស្រុង នៅក្នុងករណីដែលសម្ព័ន្ធមិត្តរបស់តៃវ៉ាន់សម្រេចចិត្តធ្វើអន្តរាគមន៍ដើម្បីបំបែកការបិទខ្ទប់ ខណៈការធ្វើសង្រ្គាមមួយដែលអូសបន្លាយពេលយូរអង្វែង គឺដើរផ្ទុយពីគោលដៅរបស់កងទ័ពរំដោះប្រជាជនចិនដែលចង់ឈ្នះក្នុងសង្រ្គាមរយៈពេលខ្លី។ បើតាមស្ថាប័ន Rhodium Group ការអនុវត្តការបិទខ្ទប់របស់ចិនលើតៃវ៉ាន់ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចខាតបង់ប្រហែលជា ២ទ្រីលានដុល្លារ ហើយអាចច្រើនជាងនេះអាស្រ័យទៅលើរយៈពេលបិទខ្ទប់ ស្របពេលផលប៉ះពាល់មិនមែនមានតែលើតៃវ៉ាន់ទេ តែក៏ជះឥទ្ធិពលអាក្រក់ដល់ចិនដូចគ្នាដែរ។

* បញ្ជូនកងទ័ពឆ្លងសមុទ្រចូលតៃវ៉ាន់
ប្រសិនបើប្រធានាធិបតីចិន លោក ស៊ី ជីនពីង ឬមេដឹកនាំចិននាពេលអនាគត ពិតជាអនុវត្តតាមពាក្យសន្យាបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ប្រាកដមែន នោះចិនត្រូវតែ គ្រប់គ្រងតៃវ៉ាន់ឱ្យបាន ហើយដើម្បីគ្រប់គ្រងតៃវ៉ាន់ កងទ័ពចិនចាំបាច់ត្រូវតែដឹកនាំយុទ្ធនាការធ្វើសង្រ្គាមឆ្លងសមុទ្រចូលទៅតៃវ៉ាន់»។ នេះបើតាមលោក Ou Si-fu។

ក៏ប៉ុន្តែ ការធ្វើសង្រ្គាមឆ្លងសមុទ្របែបនេះ គឺមានភាពស្មុគស្មាញបំផុត និងលំបាកខ្លាំងណាស់ ហើយណាមួយទីតាំងភូមិសាស្ត្ររបស់តៃវ៉ាន់ដែលសម្បូរតំបន់ភ្នំ គួបផ្សំជាមួយ លក្ខខណ្ឌមិនអំណោយផលប្រែប្រួលមិនទៀងទាត់នៃអាកាសធាតុមូសុង ក៏ជារនាំងធម្មជាតិការពារខ្លួនរបស់តៃវ៉ាន់ និងជាឧបសគ្គដ៏ធំមួយរបស់ចិន។ យ៉ាងណាក៏ដោយ តំបន់ ឬកោះមួយចំនួនរបស់តៃវ៉ាន់ដែលជាទូទៅគេហៅថា «ឆ្នេរក្រហម» ឬ «red beaches» ដែលស័ក្តិសមសម្រាប់ការធ្វើសង្រ្គាមឆ្លងសមុទ្ររបស់ចិន ហើយតំបន់មួយដែលស្ថិត នៅកៀកឆ្នេរនៃរដ្ឋធានីតៃប៉ិ បំផុតនោះ គឺទីក្រុង Taoyuan ស្ថិតនៅភាគខាងជើងកោះតៃវ៉ាន់ និងជាមូលដ្ឋាននៃអាកាសយានដ្ឋានអន្តរជាតិធំៗ នៅតៃវ៉ាន់។

តាមលោក Ou Si-fu «ប្រសិនបើកងទ័ពចិនអាចកាន់កាប់អាកាសយានដ្ឋានទាំងនោះបាន នោះចិនអាចនឹងប្រើប្រាស់វាដើម្បីដឹកកងទ័ព សព្វាវុធ និងស្បៀង»។ តែសម្រាប់ អ្នកវិភាគពីចិនមកពីស្ថាប័ន ICG លោកស្រី Amanda Hsiao ជឿថាការធ្វើសង្រ្គាមឆ្លងសមុទ្រទ្រង់ទ្រាយធំរបស់ចិន មានភាគរយតិចណាស់ដែលអាចនឹងកើតឡើងក្នុងពេល អនាគតដ៏ខ្លី ពីព្រោះឱកាសដែលចិនអាចបរាជ័យនៅមានភាគរយខ្ពស់នៅឡើយ។ ផ្ទុយទៅវិញ រឿងដែលគេត្រូវឱ្យបារម្ភ នោះគឺការដាក់សម្ពាធយោធារបស់ចិនលើតៃវ៉ាន់ ដូចដែលគេកំពុងឃើញសព្វថ្ងៃ តាមរយៈការបញ្ជូនយន្ដហោះចម្បាំង និងនាវាចម្បាំងឱ្យធ្វើសមយុទ្ធយោធាកាន់តែញឹកញាប់ និងកាន់តែកៀកតៃវ៉ាន់ ដែលនេះធ្វើឱ្យគេពិបាក វាស់ស្ទង់ពីចេតនារបស់ចិន។

ក្រុមមន្ត្រីតៃវ៉ាន់ ក៏កំពុងព្រួយបារម្ភផងដែរថាចិនអាចនឹងដឹកនាំការវាយប្រហារព័ត៌មានវិទ្យាទ្រង់ទ្រាយធំ ក្នុងគោលបំណងកាត់ផ្ដាច់ដំណើរការហេរដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់តៃវ៉ាន់ ដូចជាទូរគមនាគមន៍ ថាមពល និងធានាគារជាដើម៕