(ឡាអេ)៖ សមរភូមិផ្លូវច្បាប់ជុំវិញសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាថាតើវាជា «ទង្វើប្រល័យពូជសាសន៍» ឬអត់ នឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ជាមួយនឹងសវនាការបឋមជុំវិញការអំពាវនាវរបស់អាហ្រ្វិកខាងត្បូង ដល់ចៅក្រមឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធាអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ជាធម្មតា អ៊ីស្រាអែលចាត់ទុកអង្គការសហប្រជាជាតិ និងតុលាការអន្តរជាតិថាមានភាពអយុត្តិធម៌ និងលម្អៀង។ ប៉ុន្តែខ្លួននឹងបញ្ជូនក្រុមអ្នកច្បាប់ដ៏មានឥទ្ធិពលទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីការពារប្រតិបត្តិការយោធារបស់ខ្លួន ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារថ្ងៃទី ០៧ ខែតុលា ដោយក្រុមហាម៉ាស់។

សវនាការបឋមរយៈពេលពីរថ្ងៃនៅតុលាការយុត្តិធម៌អន្តរជាតិ​ នឹងចាប់ផ្តើមដោយមេធាវីអាហ្រ្វិកខាងត្បូងពន្យល់ដល់ចៅក្រមថា ហេតុអ្វីបានជាប្រទេសនេះចោទប្រកាន់អ៊ីស្រាអែលពី «ចរិតប្រល័យពូជសាសន៍» នៅក្នុងសង្គ្រាមហ្គាហ្សា និងការអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល។ សវនាការនៅថ្ងៃព្រហស្បតិ៍ នឹងផ្តោតសំខាន់លើសំណើរបស់អាហ្វ្រិកខាងត្បូងចំពោះតុលាការ សម្រាប់ការដាក់ចេញនូវដីកាបណ្តោះអាសន្នដែលជាប់ពាក់ព័ន្ធ រួមទាំងការបញ្ឈប់ប្រតិបត្តិការយោធាអ៊ីស្រាអែលផងដែរ។

គួរបញ្ជាក់ថា ការវាយលុករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៣,២០០ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ មន្ត្រីសុខាភិបាលបាននិយាយថា ប្រហែលពីរភាគបីនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ៕