(ឡុងដ៍)៖ សារព័ត៌មាន Sky News បានរាយការណ៍ឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសអ៊ីរ៉ង់កំពុងអភិវឌ្ឍន៍យន្តហោះដ្រូនថ្មីមួយប្រភេទ ដែលរុស្ស៊ីអាចប្រើដើម្បីវាយប្រហារប្រព័ន្ធការពារដែនអាកាសរបស់លោកខាងលិច ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន Sky News ថា យន្តហោះដ្រូន Shahed 107 ដែលជាសមាជិកនៃគ្រួសារដ្រូន Shahed របស់អ៊ីរ៉ង់ អាចប្រើបានជាយន្តហោះបំផ្ទុះផង និងជាយន្តហោះស៊ើបការណ៍ក៏បាន។ ទីក្រុងតេហេរង់ត្រូវបានគេដឹងថា បានផ្គត់ផ្គង់ដល់ទីក្រុងម៉ូស្គូនូវយន្តហោះដ្រូនប្រភេទ Shahed-136 kamikaze ដែលអាចហោះហើរបានចម្ងាយឆ្ងាយ និងអាចបំផ្ទុះបង្កជាផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។

ប្រភពសន្តិសុខបាននិយាយទៀតថា ការអភិវឌ្ឍន៍របស់អ៊ីរ៉ង់នៃយន្តហោះ Shahed-107 បង្ហាញពី «ការងារកំណត់កម្លាំងដ៏សំខាន់ ដែលអ៊ីរ៉ង់ កំពុងចូលរួមដើម្បីគាំទ្រផលប្រយោជន៍របស់រុស្ស៊ីទាក់ទងនឹងអ៊ុយក្រែន»

ជាមួយនឹងសមត្ថភាពដែលអាចហោះហើររហូតដល់ ១,៥០០ គីឡូម៉ែត្រ ដ្រូន Shahed-107 ក៏អាចដាក់ឱ្យដំណើរការចេញពីយានជំនិះ និងអាចបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលពឹងផ្អែកខ្លាំងលើប្រព័ន្ធដែលផ្តល់ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតផង។

គួរបញ្ជាក់ថា ការអភិវឌ្ឍន៍ដ្រូនថ្មីនេះ គឺជាភស្តុតាងចុងក្រោយបង្អស់ នៃការកើនឡើងនៃសកម្មភាពផ្លាស់ប្តូរអាវុធរវាងប្រទេសទាំងពីរ ដោយទីក្រុងម៉ូស្គូក៏រំពឹងថា នឹងទទួលបានមីស៊ីលផ្លោងរយៈចម្ងាយខ្លី ពីទីក្រុងតេហេរង់ក្នុងប៉ុន្មានខែខាងមុខនេះ។ រុស្ស៊ីពឹង​ផ្អែក​ខ្លាំង​លើ​យន្តហោះ​ដ្រូនរបស់​អ៊ីរ៉ង់ ហើយ​កំពុង​ធ្វើ​ទំនើបកម្ម​ឥត​ឈប់ឈរ។ ពួកគេកំពុងព្យាយាមបង្កើនល្បឿន និងបង្ខំកងកម្លាំងការពារអ៊ុយក្រែន ឱ្យប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃថ្លៃជាង។ ភស្តុតាងបានបង្ហាញថា ទីក្រុងម៉ូស្គូបានជំរុញការផលិតអាវុធក្នុងស្រុក ហើយឥឡូវនេះកំពុងដំឡើងយន្តហោះដ្រូន Shahed-136 នៅរោងចក្រមួយ ដែលមានចម្ងាយ ៥០០ ម៉ាយភាគខាងកើតទីក្រុងម៉ូស្គូ។ នៅចុងឆ្នាំ ២០២៥ ប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថា នឹងអាចផលិតយន្តហោះដ្រូន kamikaze ប្រហែល ៤,០០០ គ្រឿងក្នុងមួយឆ្នាំ៕