(រ៉ាម៉ាឡា)៖ អ្នកការទូតកំពូលរបស់អាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្តាហ៍នេះ បានជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន ខណៈដែលអ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដោយទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា អាជ្ញាធរប៉ាឡេស្ទីននឹងអាចគ្រប់គ្រងតំបន់ឆ្នេរបន្ទាប់ពីសង្គ្រាមបានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ក្រុមបាតុករបានកាន់បដាដែលសរសេរថា «បញ្ឈប់អំពើប្រល័យពូជសាសន៍» «ដោះលែងប៉ាឡេស្ទីនឱ្យមានសេរីភាព» និង «Blinken ចេញឱ្យឆ្ងាយ» នៅពេលដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានទៅដល់ទីក្រុង Ramallah នៃតំបន់ West Bank ចំពេលមានសន្តិសុខតឹងតែង។

លោក Blinken បានជួបជាមួយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas ដែលក្រោយមកនឹងជួបជាមួយស្តេចហ្សកដានី Abdullah II និងប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi នៅទីក្រុងកំពង់ផែ Aqaba សមុទ្រក្រហម។

សង្គ្រាមបង្ហូរឈាមដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅហ្គាហ្សា បានកើតឡើងក្រោយពេលក្រុមហាម៉ាសបានវាយឆ្មក់ទៅលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ តុលា ដែលរហូតមកទល់ពេលនេះមានរយៈពេលជាង ៣ខែមកហើយ និងបានសម្លាប់មនុស្សជាង ២៣,០០០នាក់នៅក្នុងទឹកដី ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

ចំពេលមានការព្រួយបារម្ភជាសកល ពីការកើនឡើងនៃវិបត្តិមនុស្សធម៌ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកបានជំរុញឱ្យអ៊ីស្រាអែលចាត់វិធានការ ដើម្បីកាត់បន្ថយការកើនឡើងចំនួនអ្នកស្លាប់ជនស៊ីវិលក្នុងតំបន់ហ្គាហ្សា ខណៈបន្តផ្តល់ការគាំទ្រផ្នែកនយោបាយ និងយោធាដល់សម្ព័ន្ធមិត្តដ៏ធំមួយនេះក្នុងតំបន់។

លោក Blinken បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារថា កង្វះខាតធ្ងន់ធ្ងរដែលបណ្តាលមកពីការឡោមព័ទ្ធរបស់អ៊ីស្រាអែលមានន័យថា «ចំនួនអ្នកស្លាប់ប្រចាំថ្ងៃរបស់ជនស៊ីវិលនៅក្នុងតំបន់ Gaza ជាពិសេសកុមារគឺកើនឡើងខ្ពស់»

គួរបញ្ជាក់ថា កំលុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតសហរដ្ឋអាមេរិកនេះ សង្រ្គាម​នៅ​តំបន់​ហ្កាហ្សា​បាន​កើនឡើង​កម្តៅមិន​ឈប់ឈរ។ កងទ័ពអ៊ីស្រាអែលនៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ខ្លួនបានសម្លាប់ «ភេរវករ» រាប់សិបនាក់ និងបានទម្លាក់គ្រាប់បែកលើគោលដៅ ១៥០ ផ្សេងទៀតនៅក្នុងតំបន់ Maghazi និងភាគខាងត្បូងនៃតំបន់ Khan Yunis ។ ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា មនុស្ស ៧០ នាក់ទៀតបានស្លាប់ និង ១៣០ នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារពេលយប់៕ អង្គការសហប្រជាជាតិបាននិយាយថា មនុស្សភាគច្រើនត្រូវបានផ្លាស់ទីលំនៅ និងប្រឈមនឹងជំងឺនិងភាពអត់ឃ្លាន៕

រូបភាពពី AP