(វ៉ាស៉ីនតោន)៖ ព្យុះរដូវរងាកំពុងគ្របដណ្តប់លើផ្នែកជាច្រើនរបស់សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៉ីនតោន) ហើយបើតាមព្យាករ អាកាសធាតុបែបនេះ នឹងបន្តពេញមួយសប្តាហ៍នៅក្នុងតំបន់នានា ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើត និងព្រិលកម្រាស់ក្រាស់លើផ្នែកខ្លះនៃតំបន់ Pacific northwest។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ខ្យល់ព្យុះដែលបោកបក់កាត់ផ្នែកខ្លះនៃភាគខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់នៅក្នុងរដ្ឋ Alabama, North Carolina និង Georgia។ ខ្យល់ព្យុះនេះក៏បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅភាគពាយ័ព្យរដ្ឋ Florida ផងដែរ។ ទីភ្នាក់អាកាសធាតុជាតិ (NWS) បានព្យាករថា ភ្លៀង និងខ្យល់កន្រ្តាក់ ដែលបានវាយប្រហារមួយភាគធំ នៃឆ្នេរខាងកើតកាលពីថ្ងៃអង្គារ នឹងបន្តមកដល់ថ្ងៃពុធនេះ។

រីឯភាគឦសានដែលតំបន់ខ្លះរងការវាយប្រហារដោយព្រិលធ្លាក់ខ្លាំង កាលពីចុងសប្តាហ៍មុន ក៏រំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃទឹកជំនន់ផងដែរ។ ខ្យល់ព្យុះបានកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ផ្ទះ និងអាជីវកម្មជាង ៤១៨,០០០កន្លែង នៅក្នុងរដ្ឋចំនួន ១២ កាលពីថ្ងៃអង្គារ។ ព្រិលនឹងបន្តធ្លាក់លើតំបន់ Midwest និង Great Lakes ហើយកំពុងរំកិលទៅប៉ែកខាងជើង និងខាងលិច ព័ទ្ធជុំវិញឆ្នេរសមុទ្រខាងកើត។ ព្រិលអាចនឹងមានកម្រាស់រហូតដល់ជាង ២០សង់ទីម៉ែត្រ។

គួរបញ្ជាក់ថា នៅឯតំបន់ Pacific northwest ប្រព័ន្ធសម្ភាធទាបដាច់ដោយឡែកមួយ កំពុងបង្កើតលក្ខខណ្ឌព្យុះ ដែលនឹងបន្តមកដល់ថ្ងៃពុធ ដោយមានព្រិលធ្លាក់កម្រាស់ក្រាស់នៅលើភ្នំ Cascade ក្នុងរដ្ឋធានីវ៉ាស៉ីនតោន និងនៅ Oregon ហើយទៅដល់តំបន់ទំនាបកណ្តាល នៅថ្ងៃព្រហស្បតិ៍។ គ្រោះមហន្តរាយផ្នែកអាកាសធាតុ នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២៣ បានបង្កការខូចខាតក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ៕

រូបភាពពី Reuters