(វ៉ាស៉ីនតោន)៖ ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Nelson កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសឱ្យដឹងថា ផែនការបញ្ជូនក្រុមអវកាសយានិក ត្រឡប់ទៅកាន់ផ្ទៃព្រះចន្ទសាជាថ្មី គឺត្រូវបានលើកពេលពីឆ្នាំ២០២៥ ទៅកាន់ឆ្នាំ២០២៦វិញ ដោយសារ​បញ្ហាប្រឈមផ្នែកបច្ចេកទេស និងការពន្យារពេលផ្សេងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

កម្មវិធី Artemis ត្រូវបានប្រកាសជាផ្លូវការកាលពីឆ្នាំ២០១៧ ក្រោមផ្នែកនៃគម្រោងរបស់ NASA ក្នុងបង្កើតវត្តមានយូរអង្វែងនៅលើ​ផ្ទៃរបស់ព្រះចន្ទ ហើយអនុវត្តមេរៀន ដែលទទួលបាននៅទីនោះ សម្រាប់បេសកកម្មនាពេលអនាគត ដើម្បីឆ្ពោះទៅកាន់ភពអង្គារ (Mars) ថែមទៀត។ បេសកកម្មដំបូងបង្អស់នៃកម្មវិធី Artemis ហៅថា Artemis-1 ដែលជាការធ្វើតេស្តហោះហើរយានអវកាស ដោយពុំមានផ្ទុកមនុស្ស ឆ្ពោះទៅ​និងត្រឡប់មកពីព្រះចន្ទ បានប្រព្រឹត្តទៅកាលពីឆ្នាំ២០២២ ក្រោយពន្យារពេលអស់ប៉ុន្មានលើក។

យ៉ាងណាមិញ បើតាមលោក Nelson បេសកកម្ម Artemis-2 ដែលគ្រោងបញ្ជូនអវកាសយានិក១ក្រុម ទៅកាន់ឋានព្រះចន្ទ ប៉ុន្តែមិនទាន់ចុះនៅលើផ្ទៃរបស់វា គឺត្រូវបានពន្យារពេលពីឆ្នាំ២០២៤នេះ ទៅដល់ខែកញ្ញា ឆ្នាំ២០២៥វិញ។ ចំណែក​ បេសកកម្ម Artemis-3 ដែលនឹងបញ្ជូនក្រុមអវកាសយានិក ឱ្យទៅជាន់ដល់លើផ្ទៃប៉ូលខាងត្បូងរបស់ព្រះចន្ទតែម្តង នាពេលនេះត្រូវបាន​លើកពេលពីឆ្នាំ២០២៥ ទៅកាន់ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមលោក Nelson ការសម្រេចពន្យារពេលនេះ គឺដោយសារបណ្តាក្រុមហ៊ុនជាដៃគូ​របស់ NASA បាននិងកំពុងជួបបញ្ហាប្រឈមផ្សេងៗ ក្នុងដំណើរការអភិវឌ្ឍយានអវកាស។

គួរបញ្ជាក់ថា កាលពីប្រមាណជាងកន្លះសតវត្សរ៍មុន សហរដ្ឋអាមេរិក ធ្លាប់បញ្ជូនក្រុមអវកាសយានិកទៅដល់លើផ្ទៃព្រះចន្ទ ជាលើកដំបូង ក្រោមកម្មវិធី Apollo គឺនាចន្លោះឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩២១ ដោយអវកាសយានិកអាមេរិកសរុប១២រូប ធ្លាប់បានជាន់ដីព្រះចន្ទ៕

រូបភាពពី AFP