(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃពុធនេះថា ជប៉ុនបាននិងកំពុងរឹតបន្តឹងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅឯអាកាសយានដ្ឋានដ៏ធំរបស់ទីក្រុងតូក្យូ ដែលប៊ិះនឹងក្លាយជាសោកនាដកម្មដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

វិធានការគ្រប់គ្រងសុវត្ថិភាពក្នុងពេលមានអាសន្ន ត្រូវបានប្រកាសដោយក្រសួងដឹកជញ្ជូនជប៉ុន ដោយនៅក្រោមលក្ខខណ្ឌតម្រូវថ្មី ទូទាំងប្រទេស គឺត្រូវមានបុគ្គលិកម្នាក់ចាំឃ្លាំមើលប្រព័ន្ធត្រួតពិនិត្យ ដែលនឹងបញ្ជូនដំណឹងមកមុន ក្នុងករណីមានឧប្បត្តិហេតុកើតឡើង។

លោក Tetsuo Saito រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនជប៉ុន បានគូសបញ្ជាក់ថា «បេសកកម្មដ៏ធំបំផុតមួយរបស់ខ្ញុំ គឺការស្តារទំនុកចិត្ត ផ្នែកអាកាសចរណ៍នៃការដឹកជញ្ជូនសាធារណៈ»។ ក្រសួងដឹកជញ្ជូន គ្រោងបង្កើតក្រុមការងារជំនាញមួយ ដើម្បីស៉ើបរកវិធីពង្រឹងសុវត្ថិភាព បន្ថែមទៀត ដោយសមាសភាពរបស់ពួកគេ នឹងត្រូវប្រកាសក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Japan Airlines បានបុកគ្នាជាមួយយន្តហោះរបស់កងឆ្មាំសមុទ្រជប៉ុន នៅលើផ្លូវរត់នៅឯអាកាសយានដ្ឋាន Haneda កាលពីថ្ងៃទី២ ខែមករា បណ្តាលឲ្យមនុស្ស ៥នាក់ លើយន្តហោះឆ្មាំសមុទ្រស្លាប់ ខណៈមនុស្សនៅលើយន្តហោះ Japan Airlines មិនបានរងគ្រោះដល់អាយុជីវិតឡើយ៕

រូបភាពពី AFP