(វ៉ាស៉ីនតោន)៖ ទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន រួមទាំងចក្រភពអង់គ្លេស បានបាញ់ទម្លាក់យន្តហោះដ្រូន និងមីស៉ីល ២១គ្រាប់ ដែលជាការវាយប្រហាររបស់ក្រុមហ៊ូទីនៅយេម៉ែន កាលពីថ្ងៃអង្គារសប្តាហ៍នេះ ចូលទៅតំបន់សមុទ្រក្រហមខាងត្បូង ឆ្ពោះទៅកាន់ផ្លូវដឹកជញ្ជូនអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

ទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិក បានឲ្យដឹងទៀតថា គ្មានអ្នករងរបួស ឬការបំផ្លាញណាមួយទេ ក្នុងការវាយប្រហារនេះ ដោយនេះជាការវាយប្រហារលើកទី ២៦របស់ក្រុមហ៊ូទី ទៅលើកប៉ាល់ពាណិជ្ជកម្មឆ្លងកាត់តំបន់សមុទ្រក្រហ​ម ចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣មក។ ក្នុងនោះ យន្តហោះដ្រូនចំនួន ១៨គ្រឿង មីស៉ីលគ្រូសប្រឆាំងនាវាគ្រឿង ២គ្រាប់ និងមីស៉ីលបាលីស្ទីគប្រឆាំងនាវា ១គ្រាប់ ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា ក្រុមហ៊ូទីបានប្តេជ្ញាបន្តការវាយប្រហារ រហូតដល់អ៉ីស្រាអែលបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ដោយព្រមានវាយប្រហារលើ នាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រសិនបើក្រុមរបស់ខ្លួនត្រូវបានកំណត់គោលដៅនោះ។ ដោយសារតែការវាយប្រហាររបស់ក្រុមនេះ ទៅលើកប៉ាល់ពាណិជ្ជកម្ម ខ្សែដឹកជញ្ជូនជាច្រើនត្រូវផ្អាកប្រតិបត្តិការ ដោយប្រើទិសដៅវាងទៅឆ្ងាយៗជុំវិញទ្វីបអាហ្រ្វិក៕

រូបភាពពី Reuters