(ហ្សាការតា)៖ នៅថ្ងៃពុធនេះ ភ្នំភ្លើងមួយមានឈ្មោះថា Lewotobi Laki-Laki នៅប្រទេសឥណ្ឌូណេស៉ី បានផ្ទុះឡើង ដោយជះដុំពពកផេះ​ឡើងផ្ទៃអាកាស កម្ពស់ប្រហែល ២គីឡូម៉ែត្រលើកំពូលភ្នំ ហើយអាជ្ញាធរក៏បានសម្រេចដំឡើង ការប្រកាសអាសន្នសម្រាប់ស្ថានភាពភ្នំភ្លើងនេះ ដល់កម្រិតខ្ពស់បំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

ការផ្ទុះឡើងនេះកើតមាន បន្ទាប់ពីគេបានសង្កេតឃើញភ្នំភ្លើងនោះ បានបញ្ចេញសញ្ញាមិនស្រួល អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ។ ភ្នំភ្លើង Lewotobi Laki-Laki ស្ថិតលើកោះ Flores របស់ឥណ្ឌូណេស៉ី។ អាជ្ញាធរបានដំឡើង ការប្រកាសអាសន្នដល់កម្រិត​លេខ៤ សម្រាប់ភ្នំភ្លើងនេះ ដែលជាកម្រិតខ្ពស់បំផុត និងចេញការហាមឃាត់ មិនឱ្យមនុស្សទៅជិតតំបន់រង្វង់៤-៥គីឡូម៉ែត្រ ជុំវិញមាត់ភ្នំភ្លើងឡើយ។ ទន្ទឹមគ្នា សហគមន៍នៅក្បែរៗតំបន់ភ្នំភ្លើង ត្រូវបានទទូចឱ្យជម្លៀសខ្លួនជាបណ្តោះអាសន្ន ទៅរកកន្លែងសុវត្ថិភាព ខណៈអាជ្ញាធរក្នុងតំបន់ បានរៀបចំកន្លែងជ្រកកោនបណ្តោះអាសន្ន ចំនួន២ទីតាំង ដែលឥឡូវកំពុងផ្ទុកមនុស្សប្រហែល៥,០០០នាក់។

គួរបញ្ជាក់ថា ប្រទេសប្រជុំកោះនៅអាស៉ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងតំបន់គេហៅថា Pacific Ring of Fire ជាកន្លែងសម្បូរទៅដោយ ​សកម្មភាពភ្នំភ្លើងនិងរញ្ជួយផែនដី ហើយមានភ្នំភ្លើងសរុបទាំងអស់ជិត១៣០។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរឥណ្ឌូណេស៉ី ក៏បានបង្កើនកម្រិតប្រកាសអាសន្ន សម្រាប់ភ្នំភ្លើងមួយទៀតឈ្មោះ Marapi ផងដែរ ដែលស្ថិតនៅលើកោះ Sumatra ឱ្យដល់កម្រិតខ្ពស់បំផុតទី២៕

រូបភាពពី AFP