(តៃប៉ិ)៖ ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃពុធនេះបានឱ្យដឹងថា មន្រ្តីតំណាងរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិក បានជួបជាមួយ​ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Mike Johnson កាលពីថ្ងៃអង្គារ មុនពេលដែនកោះនេះ ត្រូវរៀបចំការបោះឆ្នោតសកល នាចុងសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

លោក Alexander Yui បានឡើងកាន់តួនាទីជា អ្នកតំណាងកោះតៃវ៉ាន់ប្រចាំនៅអាមេរិក កាលពីខែធ្នូ ចុងឆ្នាំមុន ជំនួសលោកស្រី Hsaio Bi-khim ដែលបច្ចុប្បន្នកំពុងឈរឈ្មោះជាមេដឹកនាំរង សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្ត នាថ្ងៃសៅរ៍សប្តាហ៍នេះ។ បើតាម​សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់ លោក Yui បានសម្តែងការអរគុណសភាអាមេរិក សម្រាប់ការគាំទ្ររឹងមាំយូរអង្វែងចំពោះតៃវ៉ាន់ និងសម្រាប់ការប្តេជ្ញាជួយពង្រឹង សមត្ថភាពការពារជាតិរបស់ដែនកោះនេះ។

គួរបញ្ជាក់ថា ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរកោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោកស្រី Nancy Pelosi ដែលកាលនោះ នៅជាប្រធានសភាតំណាងរាស្រ្តអាមេរិក បានបំពេញទស្សនកិច្ចមកកាន់តៃវ៉ាន់។ ក្រោយមក នៅក្នុងខែមេសា ឆ្នាំ២០២៣ ចិនក៏បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ម្តងទៀតផងដែរ ខណៈមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជួប​លោក Kevin McCarthy ដែលពេលនោះ មានតួនាទីជាប្រធានសភាតំណាងរាស្រ្តអាមេរិក នៅឯរដ្ឋ California៕

រូបភាពពី Reuters