(សេអ៊ូល)៖ មេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង លោក Lee Jae-myung នាថ្ងៃពុធនេះ បានបង្ហាញក្តីសង្ឃឹមថា ការវាយប្រហារដោយកាំបិតដែលរូបលោកបានរងគ្រោះ នឹងអាចបម្រើជាទីបញ្ចប់នៃអ្វីដែលលោកហៅថា «នយោបាយស្អប់ខ្ពើម» នៅក្នុងប្រទេសអាស៉ីបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

លោក Lee បានថ្លែងដូចខាងលើទៅកាន់ ក្រុមអ្នកសារព័ត៌មាននិងក្រុមអ្នកគាំទ្រ បន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យវិញ នៅទីក្រុងសេអ៊ូល ជាទីដែលលោកបានសម្រាកព្យាបាលរបួស ចាប់តាំងតែពីទទួលរងការវាយប្រហារ ដោយត្រូវគេយកកាំបិតចាក់ចំក នៅឯទីក្រុង Busan ភាគខាងត្បូងប្រទេស។ លោក Lee បាននិយាយដូច្នេះថា «ខ្ញុំសង្ឃឹមថា ករណីនេះដែលបានបង្កការភ្ញាក់ផ្អើល​ចំពោះមនុស្សគ្រប់គ្នា នឹងអាចបម្រើជាទីបញ្ចប់នៃនយោបាយស្អប់ខ្ពើម និងការប្រឈមមុខគ្នា ហើយស្តារនយោបាយត្រឹមត្រូវឡើងវិញ»

គួរបញ្ជាក់ថា ការវាយប្រហារលើលោក Lee កាលពីថ្ងៃទី២ ខែមករា គឺត្រូវបានថ្កោលទោស ពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ព្រមទាំងក្រុមអ្នកនយោបាយមកពីគណបក្សកាន់អំណាច ហើយនិងក្រុមគណបក្សប្រឆាំង។ នៅថ្ងៃពុធនេះ ប៉ូលិសកូរ៉េខាងត្បូង ក៏នឹងត្រូវប្រកាសលទ្ធផលនៃការស៉ើបអង្កេត ជុំវិញករណីវាយប្រហារនេះផងដែរ៕

រូបភាពពី Reuters