(ម៉ានីល)៖ នៅថ្ងៃពុធនេះ មេដឹកនាំនៃប្រទេសហ្វីលីពីននិងឥណ្ឌូណេស៉ី បានជួបគ្នាដើម្បីពិភាក្សាលើបញ្ហាជាច្រើនក្នុងតំបន់ ដែលមានទាំង​ស្ថានការណ៍វិវឌ្ឍន៍នៅសមុទ្រចិនខាងត្បូង និងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យជិតស្និទ្ធជាងមុន ក្នុងចំណោមបណ្តារដ្ឋជាសមាជិកអាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានទទួលស្វាគមន៍សមភាគីឥណ្ឌូណេស៉ីរបស់លោក គឺលោក Joko Widodo សម្រាប់ការបើកកិច្ចពិភាក្សា នៅរដ្ឋធានីម៉ានីល។ លោក Marcos បាននិយាយដូច្នេះថា «លោកប្រធានាធិបតី Widodo និងរូបខ្ញុំ បានបើកកិច្ចពិភាក្សាគ្នាមួយ ប្រកបដោយផ្លែផ្កានិងទៀងត្រង់ ស្តីពីព្រឹត្តិការណ៍ក្នុងតំបន់ ដែលពាក់ព័ន្ធផលប្រយោជន៍រួម ដូចជា​ស្ថានការណ៍វិឌ្ឍន៍នៅសមុទ្រចិនខាងត្បូង ព្រមទាំងកិច្ចសហប្រតិបត្តិការនិងកិច្ចផ្តួចផ្តើមរបស់អាស៊ាន ជាដើម»

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Marcos ក្រោយកិច្ចជួបពិភាក្សាគ្នានោះ លោក Widodo បានប្រាប់ថា ប្រទេសទាំងពីរ​បានឯកភាពគ្នាពង្រឹង កិច្ចសហប្រតិបត្តិការការពារជាតិ ហើយនិងកិច្ចព្រមព្រៀងមានស្រាប់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកព្រំដែន។ លោក Widodo បាននិយាយដូច្នេះថា «ពួកយើងបានយល់ព្រមពន្លឿននីតិវិធីកែសម្រួល កិច្ចព្រមព្រៀងឆ្លងព្រំដែន និងល្បាតព្រំប្រទល់រួមគ្នា ហើយក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិផងដែរ រួមមានស្តីពីសម្ភារយោធា»

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ ភាពតានតឹងបានកើនឡើងខ្លាំងនៅតំបន់សមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ ជាពិសេសរវាង​ចិននិងហ្វីលីពីន។ ក្នុងសន្និសីទសារព័ត៌មានរួម កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាមួយសមភាគីហ្វីលីពីន មុនដំណើរទស្សនកិច្ចលោក Widodo រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី Retno Marsudi បាននិយាយថា ប្រទេសរបស់លោកស្រី ត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយប្រទេសអាស៊ានដទៃទៀត គឺរួមទាំងហ្វីលីពីន ក្រោមគោលដៅសម្រេចឱ្យបាន នូវក្រមប្រតិបត្តិដែលត្រូវបានពន្យារ​ពេលជាយូរមកហើយ សម្រាប់សមុទ្រចិនខាងត្បូង៕

រូបភាពពី Reuters