(តៃប៉ិ)៖ ការិយាល័យមេដឹកនាំតៃវ៉ាន់ បានប្រកាសថាខ្លួនមិនចាត់ទុកថាការបាញ់បង្ហោះផ្កាយរណបរបស់ចិន ដែលហោះរំលងកោះតៃវ៉ាន់នោះគឺជាការប៉ុនប៉ង ជ្រៀតជ្រែកការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

នៅថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋបាលកោះតៃវ៉ាន់ បានចេញការប្រកាសអាសន្នផ្លូវអាកាស បន្ទាប់ពីគ្រាប់រ៉ុក្កែតផ្ទុកផ្កាយរណបវិទ្យាសាស្ត្រចិន ហោះកាត់ភាគខាងត្បូង តៃវ៉ាន់ក្នុងរយៈកម្ពស់ជាង ៥០០គីឡូម៉ែត្រ។ តែក្រោយមកក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានចេញមកសុំទោសចំពោះការប្រើពាក្យខុស ដែលសរសេរជា ភាសាអង់គ្លេសថា «មីស៉ីល»

ឆ្លើយតបទៅនឹងសំណួរថាតើការបាញ់បង្ហោះផ្កាយរណបរបស់ចិននាពេលនេះ អាចត្រូវបានពិចារណាជាការជ្រៀតជ្រែកចំពោះការបោះឆ្នោតតៃវ៉ាន់ ឬទេ ការិយាល័យមេដឹកនាំតៃវ៉ាន់ឆ្លើយថា ខ្លួនមិនគិតថានេះជាសកម្មភាពក្រោមហេតុផលនយោបាយទេ។ ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ការិយាល័យមេដឹកនាំតៃវ៉ាន់ បញ្ជាក់ថា «បន្ទាប់ពីក្រុមសន្តិសុខជាតិធ្វើការវិភាគទៅលើព័ត៌មានរួម និងយកទៅវាយតម្លៃជាមួយព័ត៌មានរបស់សម្ព័ន្ធមិត្តអន្តរជាតិផ្សេងទៀត ឃើញថា ការប៉ុនប៉ងផ្នែកនយោបាយ ត្រូវបានដកចេញ»

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប៉េកាំងបានទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបឈ្មោះ Einstein Probe សម្រាប់បម្រើ គោលដៅតារាសាស្រ្ត និងវិទ្យាសាស្រ្ត ដោយប្រើប្រាស់រ៉ុក្កែត Long March-2C ចេញពីមជ្ឈមណ្ឌល Xichang Satellite Launch Centre។ វាបានកើតឡើង នៅតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលតៃវ៉ាន់ត្រូវរៀបចំការបោះឆ្នោតរើសមេដឹកនាំ និងសមាជិកសភាអាណត្តិថ្មី៕

រូបភាពពី Reuters