(ហ្ស៊េរុយសាឡិម)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានជំរុញដល់អ៉ីស្រាអែលឲ្យធ្វើការសម្រេចចិត្ត ដ៏លំបាក ដើម្បីត្រឡប់មករកប្រក្រីភាពនៃទំនាក់ទំនងជាមួយប្រទេសជិតខាងនានាឡើងវិញ ដែលជាការអំពាវនាវថ្មីមួយឆ្ពោះទៅរកការបង្កើតរដ្ឋប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

នៅក្នុងដំណើរទស្សនកិច្ចលើកទី៤ ទៅកាន់តំបន់មជ្ឈិមបូព៌ាចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក Blinken បានជំរុញអ៉ីស្រាអែលឲ្យគាំទ្រចំពោះមេដឹកនាំ ប៉ាឡេស្ទីនណា ដែលមានឆន្ទៈក្នុងការរស់នៅដោយសន្តិភាពជាមួយអ៉ីស្រាអែល ព្រមជាមួយការព្រមានថាចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ក្នុងសង្គ្រាមជាមួយ ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា គឺខ្ពស់ពេកហើយ។ នៅចុងបញ្ចប់នៃកិច្ចចរចាក្នុងទីក្រុង Tel Aviv លោក Blinken បាននិយាយថា វាក៏មានសារៈសំខាន់ដែរ សម្រាប់អ៉ីស្រាអែល ក្នុងសម្រេចបាននូវគោលដៅលុបបំបាត់ការគំរាមកំហែងពីក្រុមហាម៉ាស។ ក្រៅពីនេះ ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ ប្រទេសជិតខាងអារ៉ាប់របស់អ៉ីស្រាអែល គឺដើម្បីពិភាក្សាអំពីផែនការសម្រាប់កសាងតំបន់ហ្កាហ្សានាពេលអនាគត និងការធ្វើសមាហរណកម្ម នៅតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ខណៈលោក Blinken កំពុងស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះក្នុងតំបន់ហ្កាហ្សា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាដើម្បីដណ្តើម យកផ្នែកខាងត្បូង និងភាគកណ្តាលនៃដែនដីប៉ាឡេស្ទីនមួយនេះ។ រីឯកងកម្លាំងអ៉ីស្រាអែល និងក្រុមហេសបូឡាវិញបានបាញ់ផ្លោងដាក់គ្នានៅព្រំដែនលីបង់-អ៉ីស្រាអែល៕

រូបភាពពី Reuters