(ប៉េកាំង)៖ ក្រុមមន្ត្រីយោធាចិនប្រាប់សមភាគីអាមេរិក នៅក្នុងកិច្ចពិភាក្សាក្នុងសប្ដាហ៍នេះថាទីក្រុងប៉េកាំងនឹងមិនធ្វើការសម្រុះសម្រួលជាដាច់ខាតលើបញ្ហា តៃវ៉ាន់ និងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការបំពាក់អាវុធឱ្យតៃវ៉ាន់ ក៏ដូចជាឈប់បង្ករឿងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

កិច្ចពិភាក្សាខាងលើរៀបចំឡើងក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារដើមសប្ដាហ៍នេះ និងតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មុននឹងកោះតៃវ៉ាន់ត្រូវរៀបចំ ការបោះឆ្នោតសកលជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការពារជាតិចិនបានឱ្យដឹងថាភាគីចិន បានសង្កត់ធ្ងន់ថាខ្លួននឹងមិនធ្វើការសម្រុះសម្រួល ឬដកថយជាដាច់ខាតចំពោះបញ្ហាតៃវ៉ាន់ និងជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបំពាក់អាវុធឱ្យតៃវ៉ាន់។

បន្ថែមពីលើនេះ ចិនក៏បានជំរុញផងដែរឱ្យទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការដាក់ពង្រាយយោធារបស់ខ្លួន និងបញ្ឈប់ការធ្វើសកម្មភាពបង្ករឿងនៅក្នុងតំបន់ សមុទ្រចិនខាងត្បូង ព្រមទាំងបញ្ឈប់ការគាំទ្រដល់ការរំលោភបំពាន និងទង្វើបង្ករឿង។ «សហរដ្ឋអាមេរិកគួរតែយល់ឱ្យច្បាស់ពីប្រភពដើមនៃបញ្ហាអសន្តិសុខ ទាំងដែនអាកាស និងសមុទ្រ ហើយបន្ថយការដាក់ពង្រាយយោធា ក៏ដូចជាបញ្ឈប់ការបំប៉ោង និងនិយាយបំផ្លើស»។ នេះបើតាមក្រសួងការពារជាតិចិន។

យ៉ាងណាក៏ដោយ ភាគីអាមេរិកតាមរយៈមន្ទីរបញ្ចកោណមិនបានបញ្ចេញប្រតិកម្មតបតអ្វីគួរឱ្យកត់សម្គាល់ចំពោះការលើកឡើងរបស់ក្រសួងការពារជាតិចិន នោះទេ ដោយគ្រាន់តែលើកឡើងពីសារៈសំខាន់នៃការរក្សាបណ្ដាញទំនាក់ទំនងយោធា និងយោធា ក្នុងគោលបំណងបញ្ចៀសកុំឱ្យការប្រកួតប្រជែងរវាង មហាអំណាចទាំង២ ក្លាយទៅជាសង្រ្គាម ឬជម្លោះប្រដាប់អាវុធ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឯកភាពគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ថានឹងចាប់ផ្ដើម បើកកិច្ចពិភាក្សាយោធាឡើងវិញរវាងប្រទេសទាំង២ បន្ទាប់ពីត្រូវបានកាត់ផ្ដាច់ដោយទីក្រុងប៉េកាំងអស់រយៈពេលជាងមួយឆ្នាំ ជាការឆ្លើយតបទៅនឹងការធ្វើ ទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២៕

រូបភាពពី Reuters