(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាត់ទុកកូរ៉េខាងត្បូងជា «សត្រូវចម្បង» របស់កូរ៉េខាងជើង និងបានព្រមានទៀតផងថាលោក នឹងមិនស្ទាក់ស្ទើរឡើយ ដើម្បីកម្ទេចកូរ៉េខាងត្បូង អំឡុងរូបលោកធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធសំខាន់ៗរបស់កូរ៉េខាងជើង នៅថ្ងៃពុធ ទី១០ ខែមករានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការព្រមានជាថ្មីរបស់លោក គីម ជុងអ៊ុន កើតមានឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង ២០០គ្រាប់ ធ្លាក់នៅក្បែរព្រំដែនទឹកកំពុងមានវិវាទ ជាមួយកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ ជាហេតុជំរុញឱ្យទីក្រុងសេអ៊ូលចាត់វិធានការតបតជាមួយការធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងបានបង្គាប់ឱ្យ ជម្លៀសប្រជាជនចេញពីកោះចំនួន ២របស់កូរ៉េខាងត្បូង។

រូបភាពចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះបានបង្ហាញពីវត្តមានលោក គីម ជុងអ៊ុន ឈរនៅចំពោះមុខយានទម្រ បាញ់មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ KCNA បានគូសបញ្ជាក់ដោយស្រង់សម្ដីលោក គីម ជុងអ៊ុនថា កូរ៉េខាងត្បូងបានក្លាយជាសត្រូវចម្បង របស់កូរ៉េខាងជើង ហើយលោកបានជំរុញឱ្យកម្មកររោងចក្រផលិតអាវុធទាំងអស់ធ្វើទំនើបកម្ម និងផលិតអាវុធឱ្យ បានកាន់តែច្រើន។ តាម KCNA​ លោក គីម ជុងអ៊ុន ក៏បានព្រមានដែរថាលោកគ្មានឆន្ទៈបញ្ចៀសសង្រ្គាម ហើយថាលោកក៏នឹងមិនស្ទាក់ស្ទើរដែរ ក្នុងការកម្ទេចកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ការធ្វើទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់រោងចក្រផលិតអាវុធ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសជិត ៥០ បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការថ្កោលទោសកូរ៉េខាងជើងដែលត្រូវបានសង្ស័យថាបានបញ្ជូនអាវុធឱ្យរុស្ស៉ី ប្រើប្រាស់នៅក្នុងសង្រ្គាម ឈ្លានពានប្រឆាំងអ៊ុយក្រែន។ សេតវិមានកាលពីសប្ដាហ៍មុន បានចោទប្រកាន់ថារុស្ស៉ីបានប្រើប្រាស់មីស៊ីល និងយានទម្របាញ់មីស៊ីលរបស់ កូរ៉េខាងជើង ក្នុងការវាយប្រហារទ្រង់ទ្រាយលើបណ្ដាទីក្រុងរបស់អ៊ុយក្រែន៕

រូបភាពពី KCNA ដោយ Reuters