(ប៉ារីស)៖ នៅទីបំផុតទៅ ដូចការរំពឹង លោកប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអង្គារ ទី៩ ខែមករា បានតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មី ក្នុងគោលបំណងផ្ដល់សន្ទុះថ្មីមួយសម្រាប់អាណត្តិជាប្រធានាធិបតីរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មីរបស់បារាំង ធ្វើឡើងបន្ទាប់ពីលោក Macron កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះបានទទួលយកលិខិត លាលែងពីតំណែងរបស់លោកស្រី Elisabeth Borne ក្រោយលោកស្រីបានកាន់តំណែងនេះអស់រយៈពេលជាង២ឆ្នាំ។ លោកស្រី Elisabeth Borne មានអាយុ ៦២ឆ្នាំ ត្រូវបានលោក Macron តែងតាំងជានាយករដ្ឋមន្ត្រីបារាំង កាលពីខែឧសភា ឆ្នាំ២០២២ ដែលបានធ្វើឱ្យលោកស្រីក្លាយជាស្ត្រីទី២ បានកាន់តំណែងនេះនៅក្នុង ប្រវត្តិសាស្ត្ររបស់បារាំង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីបារាំងលោកស្រី Édith Cresson។

ចំណែក ការតែងតាំងលោក Attal មានអាយុ ៣៤ឆ្នាំ ក៏បានធ្វើឱ្យរូបលោកក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុត និងជាអ្នកស្រឡាញ់ភេទដូចគ្នាដំបូងគេបំផុតដែល បានកាន់តំណែងជានាយករដ្ឋមន្ត្រី នៅក្នុងប្រវត្តិសាស្ត្របារាំង ហើយក៏ធ្វើឱ្យលោកក្លាយជាអ្នកនយោបាយមានឥទ្ធិពលបំផុតនៅលើពិភពលោក ក្នុងនាមជាអ្នកនយោបាយ ស្រឡាញ់ភេទដូចគ្នាផងដែរ។

គួរបញ្ជាក់ថា លោក Gabriel Attal បានចូលកាន់តំណែងជាផ្លូវការក្នុងថ្ងៃអង្គារដដែល នៅឯពិធីប្រគល់តំណែងមួយពីលោកស្រី Borne រៀបចំឡើងនៅឯ វិមាននាយករដ្ឋមន្ត្រី ក្នុងទីក្រុងប៉ារីស ជាមួយការសន្យាថានឹងនាំមកនូវកំណែទម្រង់ និងប្រឹងប្រែងជួយជ្រោមជ្រែងជីវភាពរបស់ប្រជាជនបារាំងមានជីវភាពមធ្យម៕

រូបភាពពី Reuters