(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនបានដឹងទាល់តែសោះថារដ្ឋមន្ត្រីការពារជាតិរបស់លោកមានជំងឺមហារីកក្រពេញប្រូសា្តត (prostate cancer) រហូតទាល់តែមានការបញ្ជាក់ឱ្យដឹងពីក្រុមគ្រូពេទ្យ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ នេះជាការអះអាងរបស់សេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤។

ការបញ្ជាក់ពីសេតវិមាន កើតមានតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យ Walter Reed National Military Medical បានបញ្ជាក់ថា លោក Austin មានជំងឺមហារីកក្រពេញប្រូស្តាត។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមគ្រូពេទ្យបានបញ្ជាក់ថាជំងឺមហារីកក្រពេញប្រូស្តាតរបស់លោក Austin ត្រូវបានធ្វើ រោគវិនិច្ឆ័យយ៉ាងល្អឥតខ្ចោះ ហើយជំងឺមហារីកនេះត្រូវបានក្រុមគ្រូពេទ្យរកឃើញ អំឡុងការត្រួតពិនិត្យសុខភាពជាប្រចាំ។

សេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងទៀតថា លោក Austin មានអាយុ៧០ឆ្នាំ បានទទួលការវះកាត់ព្យាបាលកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងត្រូវបានអនុញ្ញាត ឱ្យត្រឡប់ទៅផ្ទះវិញ នៅប៉ុន្មានថ្ងៃបន្ទាប់ពីការវះកាត់។ ប៉ុន្តែ លោកត្រូវបានបញ្ជូនសាជាថ្មីទៅកាន់មន្ទីរពេទ្យដដែល កាលពីថ្ងៃទី១ ខែមករា ដោយសារតែមានបញ្ហា កើតឡើង ក្នុងនោះរួមមានឈឺជើង ឈឺពោះក្អួតចង្អោរ និងឈឺត្រគាកជាដើម ខណៈការធ្វើរោគវិនិច្ឆយជាបឋមរកឃើញថាលោក Austin បានឆ្លងមេរោគនៅក្នុង តម្រងនោម និងតម្រូវឱ្យមានការព្យាបាលបន្ថែម។

ក្នុងពេលអវត្តមាននេះដែរ សិទ្ធិអំណាចមួយចំនួនរបស់លោក Austin ត្រូវបានប្រគល់ទៅឱ្យអនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Kathleen Hicks កាលពីថ្ងៃទី២ ខែមករា ប៉ុន្តែ លោកស្រីក៏មិនត្រូវបានគេប្រាប់ឱ្យដឹងថាលោក Austin ចូលព្យាបាលនៅមន្ទីរពេទ្យនោះដែរ រហូតដល់២ថ្ងៃក្រោយមក ទើបបានដឹងពីរឿងនេះ។ ក្រោយ ទទួលបានដំណឹងភ្លាមៗ អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថាលោកប្រធានាធិបតី បៃដិន មិនបានដឹងជាមុនថាលោក Austin ចូលសម្រាក ព្យាបាលនៅមន្ទីរពេទ្យ និងមានជំងឺមហារីកនោះទេ។ អ្នកនាំពាក្យសេតវិមានបានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី បៃដិន មិនបានដឹងឡើយ រហូតទាល់តែ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ទើបបានដឹងថាលោករដ្ឋមន្ត្រី Austin ចូលសម្រាកព្យាបាលនៅមន្ទីពេទ្យ»

តាមលោក John Kirby លោក បៃដិន ក៏មិនបានដឹងនោះដែរថាលោក Austin មានជំងឺមហារីកក្រពេញប្រូស្តាត ទាល់តែក្រុមគ្រូពេទ្យប្រកាសឱ្យដឹងកាលពីថ្ងៃអង្គារ ទី៩ ខែមករា ហើយគ្មាននរណាម្នាក់នៅសេតវិមានដែលបានដឹងថាលោករដ្ឋមន្ត្រី Austin មានជំងឺមហារីកនេះឡើយរហូតដល់កាលពីព្រឹកថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន) រីឯលោក បៃដិន ត្រូវបានជូនដំណឹងភ្លាមៗ។

គួរបញ្ជាក់ថា លោក បៃដិន និងលោក Austin ត្រូវបានគេរាយការណ៍ថាបានសន្ទនានឹងគ្នា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន តែវាមិនច្បាស់នោះទេថាតើហេតុអ្វីបានជា លោក បៃដិន មិនបានដឹងថារដ្ឋមន្ត្រីការពារជាតិរបស់លោកមានជំងឺមហារីកក្រពេញប្រូស្តាត រហូតទាល់តែដល់ព្រឹកថ្ងៃអង្គារទើបដឹង។ លោក Lloyd Austin កំពុងទទួលរងការរិះគន់ និងការអំពាវនាវពីក្រុមអ្នកនយោបាយសាធារណរដ្ឋមួយចំនួនឱ្យលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បណ្ដេញរូបលោកចេញពីតំណែង ដោយសារតែការលាក់បាំងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ព្រមពេលជាមួយគ្នា សមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋដែលគ្រប់គ្រងគណៈកម្មធិការ សេវាកម្មអាវុធនៃសភាតំណាងរាស្ត្រអាមេរិក បានបើកការស៊ើបអង្កេតមួយជាផ្លូវការហើយ៕

រូបភាពពី Reuters