(វ៉ាស៊ីនតោន)៖ ក្រុមគ្រូពេទ្យ កាលពីថ្ងៃអង្គារ ទី៩ ខែមករានេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចូលសម្រាកព្យាបាល ក្នុងបន្ទប់សង្រ្គោះបន្ទាន់កាលពីសប្ដាហ៍មុន បន្ទាប់ពីលោកទទួលការព្យាបាលដោយការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាត (prostate)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការទទួលស្គាល់ខាងលើ កើតមានឡើងចំពេល លោក Lloyd Austin កំពុងទទួលរងការរិះគន់ និងការអំពាវនាវពីក្រុមអ្នកនយោបាយសាធារណរដ្ឋមួយចំនួន ឱ្យលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បណ្ដេញរូបលោកចេញពីតំណែង ដោយសារតែការលាក់បាំងការចូលសម្រាកព្យាបាលអស់រយៈពេលជាច្រើនថ្ងៃ មុននឹងទម្លាយឱ្យគេដឹង។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ វេជ្ជបណ្ឌិត ២រូប មកពីមន្ទីរពេទ្យ Walter Reed National Military Medical បានបញ្ជាក់ថាជំងឺមហារីកក្រពេញប្រូស្តាត របស់លោក Austin ត្រូវបានធ្វើរោគវិនិច្ឆ័យយ៉ាងល្អឥតខ្ចោះ ហើយជំងឺមហារីកនេះត្រូវបានក្រុមគ្រូពេទ្យរកឃើញ អំឡុងការត្រួតពិនិត្យសុខភាពជាប្រចាំ។ សេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងទៀតថា លោក Austin បានទទួលការវះកាត់ព្យាបាលកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅ ផ្ទះវិញ នៅប៉ុន្មានថ្ងៃបន្ទាប់ពីការវះកាត់។ ប៉ុន្តែ លោកត្រូវបានបញ្ជូនសាជាថ្មីទៅកាន់មន្ទីរពេទ្យដដែល កាលពីថ្ងៃទី១ ខែមករា ដោយសារតែមានបញ្ហាកើតឡើង ក្នុងនោះរួមមានឈឺជើង ឈឺពោះក្អួតចង្អោរ និងឈឺត្រគាកជាដើម ខណៈការធ្វើរោគវិនិច្ឆយជាបឋមរកឃើញថាលោក Austin បានឆ្លងមេរោគនៅក្នុង តម្រងនោម និងតម្រូវឱ្យមានការព្យាបាលបន្ថែម។

យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Walter Reed National Military Medical បានអះអាងថាស្ថានភាពរបស់លោក Austin មានភាពល្អប្រសើរ និងរំពឹងថាអាចនឹងជាសះស្បើយទាំងស្រុង បើទោះជាមានភាពយឺតយ៉ាវបន្តិចបន្តួចក៏ដោយ។ ម្យ៉ាងវិញទៀត អំឡុងសម្រាកព្យាបាល លោករដ្ឋមន្ត្រីការពារជាតិ មិនបានបាត់បង់ស្មារតីអ្វីនោះទេ ហើយក៏មិនធ្លាប់ទទួលការដាក់ថ្នាំសណ្ដំ ឬសន្លប់នោះដែរ។

គួរបញ្ជាក់ថា អំឡុងលោក Austin ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី១ ខែមករា មន្ទីរបញ្ចកោណមិនបានប្រកាសជាសាធារណៈនោះទេ រហូតដល់ ៤ថ្ងៃក្រោយមកទើបទម្លាយឱ្យដឹងតាមរយៈការជូនដំណឹងដល់លោកប្រធានាធិបតី បៃដិន និងសភាទាំង២របស់សហរដ្ឋអាមេរិក។ ក្នុងពេលអវត្តមាននេះដែរ សិទ្ធិអំណាចមួយចំនួនរបស់លោក Austin ត្រូវបានប្រគល់ទៅឱ្យអនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោកស្រី Kathleen Hicks កាលពីថ្ងៃទី២ ខែមករា ប៉ុន្តែ លោកស្រីក៏មិនត្រូវបានគេប្រាប់ឱ្យដឹងថាលោក Austin ចូលព្យាបាលនៅមន្ទីរពេទ្យនោះដែរ រហូតដល់២ថ្ងៃក្រោយមក ទើបបានដឹងពីរឿងនេះ៕

រូបភាពពី Reuters