(ហុងកុង)៖ ខណៈប្រជាជនតៃវ៉ាន់មានសិទ្ធិបោះឆ្នោត ប្រហែល១៩.៣លាននាក់ ត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ពួកគេ នៅថ្ងៃទី១៣ ខែមករានេះ សន្លឹកឆ្នោតរបស់ពួកគេមិនត្រឹមតែជាការសម្រេចលើគោលនយោបាយរបស់តៃវ៉ាន់ចំពោះចិន នៅប៉ុន្មានឆ្នាំទៅមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងសម្រេចផងដែរពី ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-ចិន។

ទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកតៃវ៉ាន់ប្រៀបដូចជា «បន្ទាយលទ្ធិប្រជាធិបតេយ្យ» មួយដែលស្ថិតនៅកៀកនឹងចិន និងជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ សន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បើទោះដូចគ្នាទៅនឹងប្រទេសភាគច្រើននៅលើពិភពលោក អាមេរិកមិនបានប្រកាសចាត់ទុកតៃវ៉ាន់ជាប្រទេសមួយ ជាផ្លូវការក៏ដោយ។ ចំណែក ប៉េកាំងវិញ ចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ហើយថាបញ្ហាតៃវ៉ាន់នេះគឺជា «បន្ទាត់ក្រហម» មួយដែលមិន អាចនរណាដើររំលង ឬមានការលូកលាន់ពីបរទេសជាដាច់ខាត។

នៅក្នុងការបោះឆ្នោតសកលតៃវ៉ាន់ បេក្ខជននាំមុខគេ គឺលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកាន់អំណាច សព្វថ្ងៃនៅតៃវ៉ាន់ មើលឃើញថាតៃវ៉ាន់ជា «ប្រទេសឯករាជ្យមួយ»។ រីឯគូប្រជែងរបស់លោកមកពីគណបក្ស Kuomintang (KMT) ដែលមានទំនាក់ទំនងល្អ ជាមួយចិន គឺលោក Hou Yu-ih មានគោលនយោបាយប្រឆាំងឯករាជ្យភាពរបស់តៃវ៉ាន់ តែក៏ច្រានចោលសំណើបង្រួបបង្រួមជាតិរបស់ប៉េកាំងដែរ ខណៈ ស្នើឱ្យមានកិច្ចសន្ទនាយ៉ាងពិតប្រាកដជាមួយចិន។ បេក្ខជនមេដឹកនាំតៃវ៉ាន់ម្នាក់ទៀត គឺលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) បានលើកឡើងពីភាពចំាបាច់នៃកិច្ចសន្ទនាជាមួយចិន ខណៈប្ដេជ្ញាការពារសន្តិភាព និងប្រព័ន្ធនយោបាយតាមប្រជាធិបតេយ្យរបស់តៃវ៉ាន់។

* ហេតុអ្វីទីតាំងភូមិសាស្ត្ររបស់តៃវ៉ាន់ មានសារៈសំខាន់?
តៃវ៉ាន់ គឺជាដែនកោះមួយស្ថិតនៅក្បែរច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលស្ថិតក្នុងចំណោមផ្លូវទឹកសម្រាប់ការដឹកជញ្ជូនដ៏មមាញឹកបំផុតមួយ នៅលើពិភពលោក។ ទាំងច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង គឺតភ្ជាប់តំបន់អាស៊ីបូព៌ាជាមួយតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា ដែលនេះអនុញ្ញាតដល់ ការធ្វើពាណិជ្ជកម្មចំណីអាហារ ប្រភពថាមពល ធនធានធម្មជាតិ និងទំនិញប្រើប្រាស់គ្រប់សារពើ។ ដោយសារតែសារៈសំខាន់បែបនេះឯង ទើបក្រុមអ្នកជំនាញតែងតែព្រមានជារឿយៗថាសង្រ្គាម ឬជម្លោះប្រដាប់អាវុធណាមួយនៅក្នុងតំបន់នេះនឹងបង្កការរាំងស្ទះធ្ងន់ធ្ងរដល់ពាណិជ្ជកម្មពិភពលោក និងធ្វើឱ្យទំនិញឡើងថ្លៃ។

ទីក្រុងវ៉ាស៊ីនតោនក៏បានចាត់ទុកតៃវ៉ាន់ជាទីភូមិសាស្ត្រដ៏សំខាន់ផងដែរ សម្រាប់យុទ្ធសាស្ត្រយោធាដែលគេស្គាល់ថា «first island chain» រត់កាត់ចាប់ពី ទីប្រជុំកោះ Borneo ទៅកាន់ហ្វីលីពីន ជប៉ុន និងកូរ៉េខាងត្បូង។ ប្រទេសទាំង៣នេះសុទ្ធសឹងតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងទទួលឱ្យកងទ័ពអាមេរិកឈរជើងនៅលើទឹកដីរបស់ពួកគេ។ first island chain មានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិក ក៏ព្រោះតែការកាន់កាប់ ទីតាំងយុទ្ធសាស្ត្របែបនេះនឹងផ្ដល់ផលចំណេញយ៉ាងធំធេងដល់យោធាអាមេរិក ក្នុងការរាំងខ្ទប់ការដាក់ពង្រាយកងទ័ពរបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច។ បែបនេះហើយ ប៉េកាំងបានចាត់ទុក first island chain គឺជាយុទ្ធសាស្ត្រហ៊ុមព័ទ្ធចង់គ្រប់គ្រងលើចិន និងកំពុងប្រឹងពង្រឹង សមត្ថភាពរបស់កងទ័ពរំដោះប្រជាជនចិន PLA ដើម្បីអាចបែកយុទ្ធសាស្ត្រមួយនេះ ដោយបង្កើនការផលិតយន្ដហោះដឹកជញ្ជូន យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ នាវាផ្ទុកយន្ដហោះចម្បាំង រួមទាំងមីស៊ីលគ្រូស និងបាលិស្ទីគដែលអាចបាញ់បានចម្ងាយលើសពី ១,០០០គីឡូម៉ែត្រ។

* ហេតុអ្វីចិនចង់គ្រប់គ្រងលើតៃវ៉ាន់ដោយផ្ទាល់?
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានដាក់គោលដៅកែប្រែចិនឱ្យក្លាយទៅជា «កំពូលមហាអំណាចពិភពលោក» ឱ្យបាននៅពាក់កណ្ដាលស.វទី២១នេះ ហើយការបង្រួបបង្រួមជាតិឱ្យតៃវ៉ាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនដោយផ្ទាល់ គឺជាគោលដៅស្នូលនៃទស្សនវិស័យរបស់លោក ស៊ី ជីនពីងដែលចង់ឱ្យ ចិនក្លាយជាកំពូលមហាអំណាច។ ត្រឡប់ទៅអតីតកាល រាជវង្សឆេងដែលជារាជវង្សចុងក្រោយគេបំផុតរបស់ចិន បានប្រគល់តៃវ៉ាន់ទៅឱ្យជប៉ុនគ្រប់គ្រង ក្នុងឆ្នាំ១៨៩៥ បន្ទាប់ពីចាញ់សង្រ្គាម។ ក្រោយមកទៀត ក្នុងឆ្នាំ១៩៤៥ គណបក្ស Kuomintang ដែលបានដឹកនាំប្រទេសចិននៅពេលនោះ បានគ្រប់គ្រង លើតៃវ៉ាន់ឡើងវិញ ក្រោយជប៉ុន បរាជ័យក្នុងសង្រ្គាមលោកលើកទី២។ Kuomintang ឬគេស្គាល់ថាក្រុមអ្នកជាតិនិយមចិនបានរើរដ្ឋធានីរបស់ខ្លួនទៅកាន់ កោះតៃវ៉ាន់ ក្រោយចាញ់គណបក្សកុម្មុយនិស្ដចិន ក្នុងសង្រ្គាមស៊ីវិលនៅឆ្នាំ១៩៤៩។

នៅក្រោមគោលគំនិតរបស់ប៉េកាំង ចិនដីគោក និងតៃវ៉ាន់បានបែកបាក់គ្នា ដោយសារតែ «ប្រទេសជាតិទន់ខ្សោយ» ហើយភាពទន់ខ្សោយនេះនឹងត្រូវបាន ដោះស្រាយ នៅពេលដែល «មហិច្ឆតា» របស់លោក ស៊ី ជីនពីង ទទួលបានជោគជ័យ។ បញ្ហាបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ត្រូវបានចាត់ទុកជាបញ្ហាស្នូល សម្រាប់ភាពស្របច្បាប់នៃគណបក្សកុម្មុយនិស្ដចិន ដែលតែងតែលើកឡើងជាប្រចាំថាការបំពេញក្ដីសុបិនរបស់ប្រជាជនចិនជាង ១.៤ពាន់លាននាក់ គឺជាហេតុផលមួយដើម្បីបង្រួបបង្រួមរវាងចិនដីគោក និងតៃវ៉ាន់ ស្របពេលទីក្រុងវ៉ាស៊ីនតោនបានក្លាយជាគោលដៅទី១ ដែលក្រុមមន្ត្រីកំពូលរបស់ចិន រួមទាំងលោក ស៊ី ជីនពីងចាត់ទុកថាជា «កម្លាំងខាងក្រៅ» ដែលកំពុងលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន។

* អ្វីទៅជាទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយតៃវ៉ាន់?
សហរដ្ឋអាមេរិក នៅលើលិខិតស្នាម គឺមិនមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ទេ ហើយក៏មិនបានគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់នោះដែរ។ តែព្រមពេលជាមួយគ្នា អាមេរិក មិនបានទទួលស្គាល់ថាតៃវ៉ាន់ជាខេត្ត ឬជាផ្នែកមួយនៃទឹកដីរបស់ចិនឡើយ នៅក្រោម «គោលនយោបាយចិនតែមួយ» របស់ខ្លួន។ នៅក្នុង​ឯកសារ ជាច្រើនដែលបានបង្កើតជាទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងចិន ក្នុងឆ្នាំ១៩៧១ វ៉ាស៊ីនតោនបាននិយាយថាខ្លួន «ទទួលដឹងឮ» ពីគោលជំហររបស់ ទីក្រុងប៉េកាំងដែលថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ប៉ុន្តែមិនបានទទួលស្គាល់ជាផ្លូវការទេ។ គោលជំហរបែបនេះរបស់សហរដ្ឋអាមេរិកត្រូវបានគេហៅថា «យុទ្ធសាស្ត្រមិនច្បាស់លាស់» ឬ «strategic ambiguity»។ ថាតើសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន ឬក៏យ៉ាងណា? ក៏សិ្ថតនៅក្នុងយុទ្ធសាស្ត្រមិនច្បាស់លាស់នេះដែរ។

យ៉ាងណាក៏ដោយ នៅក្រោមច្បាប់ស្ដីពីទំនាក់ទំនងតៃវ៉ាន់ បានបើកផ្លូវឱ្យសហរដ្ឋអាមេរិក អាចជួយពង្រឹងសមត្ថភាពស្វ័យការពារខ្លួនរបស់តៃវ៉ាន់ តាមរយៈការលក់ ឬបំពាក់អាវុធឱ្យតៃវ៉ាន់។ លើសពីនេះទៅទៀត ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានលើកឡើងយ៉ាងហោច ៤ដងចាប់តាំងពីឆ្នាំ២០២១មកថា កងទ័ពអាមេរិកនឹងធ្វើអន្តរាគមន៍ដោយផ្ទាល់ដើម្បីការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន។ ប៉ុន្តែ ការលើកឡើងទាំង៤លើកនេះសុទ្ធតែត្រូវបាន សេតវិមានចេញមុខបញ្ជាក់បន្ថែមថាគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ មិនមានការប្រែប្រួលឡើយ និងជំទាស់រាល់សកម្មភាពឯតោភាគី ដើម្បី កែប្រែស្ថានភាពដើម។ សហរដ្ឋអាមេរិក មើលឃើញតៃវ៉ាន់ជាដៃគូមានចិត្តគំនិតប្រជាធិបតេយ្យដូចគ្នា នៅក្នុងតំបន់អាស៊ី ហើយបានគាំទ្រដល់ការចូលរួមរបស់ តៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិនានា តែការធ្វើបែបនេះតែងតែធ្វើឱ្យចិនក្ដៅស្លឹកត្រចៀក និងចោទប្រកាន់ថាគណបក្ស DPP កំពុងប្រើប្រាស់សហរដ្ឋអាមេរិក ជាខែលការពារ ឆ្ពោះទៅរកការប្រកាសឯករាជ្យ។

* ហេតុអ្វីឧស្សាហកម្មបន្ទះឈីប របស់តៃវ៉ាន់ មានសារៈសំខាន់?
Taiwan Semiconductor Manufacturing Company ឬហៅកាត់ថា TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយនៅលើពិភពលោក ហើយខណៈបន្ទះឈីប ត្រូវបានផ្គត់ផ្គង់ជាលក្ខខណៈសកល ការបង្កការរាំងស្ទះណាមួយដល់ប្រតិបត្តិការរបស់ TSMC អាចនឹងនាំទៅរកការខ្វះខាតបន្ទះឈីបជាសកល ដែលក្រុមហ៊ុន ផលិតទូរស័ព្ទដៃវៃឆ្លាត និងគ្រឿងអេឡិចត្រនិកធំៗ នៅលើពិភពលោកត្រូវការជាចាំបាច់មិនអាចខ្វះបាន។

ភាពប៉ិនប្រសប់របស់ TSMC បានប្រែក្លាយតៃវ៉ាន់ឱ្យទៅជាចំណុចស្នូលនៃការរត់ប្រណាំងខាងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាទាក់ទាញចំណាប់ អារម្មណ៍ពីបណ្ដាប្រទេសជឿនលឿនដទៃទៀត ឱ្យចូលរួមក្នុងការធានាមួយឱ្យបានថាតៃវ៉ាន់ដែលជាអ្នកផ្គត់ផ្គង់ច្រើនជាងពាក់កណ្ដាលនៃបន្ទះឈីបពិភពលោក នឹងមិនធ្លាក់ចូលក្នុងភ្លើងសង្រ្គាមនោះទេ។ សហរដ្ឋអាមេរិកបានផ្ដល់ការអនុគ្រោះពន្ធ និងសម្បទានទាក់ទាញជាច្រើនដើម្បីបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុន TSMC បង្កើត រោងចក្រផលិតបន្ទះឈីប នៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ដើម្បីធានាឱ្យបានថាសហរដ្ឋអាមេរិកនឹងនៅតែនាំមុខគេយូរអង្វែង ខាងបច្ចេកវិទ្យាឈីបទំនើបៗ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាជាអ្នកនៅពីក្រោយការហាមឃាត់ក្រុមហ៊ុន TSMC មិនឱ្យលក់ ឬផ្គត់ផ្គង់បន្ទះឈីបទៅឱ្យ ក្រុមហ៊ុនចិន Huawei Technologies។ ដោយសារមិនអាចទទួលបានបន្ទះឈីបដ៏ទំនើបពី TSMC ក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនចិនជាច្រើនបាន ងាកទៅពឹងផ្អែកលើក្រុមហ៊ុនផលិតបន្ទះឈីបនៅក្នុងស្រុក តួយ៉ាងដូចជាក្រុមហ៊ុន Semiconductor Manufacturing International Corporation (SMIC)៕