(កៀវ)៖ ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន បានឱ្យដឹងថ្ងៃអង្គារ (៩ មករា) នេះថា អាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងាឆ្នាំនេះ បានធ្វើឱ្យទីក្រុង និងភូមិជាង ១,០០០ ដាច់ចរន្តអគ្គិសនីប្រើប្រាស់ក្នុងតំបន់ចំនួនប្រាំបួន ខណៈតម្រូវការនៃការប្រើប្រាស់អគ្គីសនីកាន់តែកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

ប្រតិបត្តិករបណ្តាញអគ្គិសនីបាននិយាយថា ការប្រើប្រាស់អគ្គិសនីមានកម្រិតខ្ពស់បំផុតក្នុងសប្តាហ៍នេះ ខណៈដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ -១ អង្សាសេនៅក្នុងផ្នែកជាច្រើននៃប្រទេស។ ប្រភពដដែលនេះបានគូសបញ្ជាក់ថា «កម្រិតនៃការប្រើប្រាស់នៅតែបន្តកើនឡើង ដោយសារតែធ្លាក់ចុះយ៉ាងខ្លាំង នៃសីតុណ្ហភាពនៅទូទាំងប្រទេស»

ក្រសួងថាមពលរបស់អ៊ុយក្រែននិយាយថា ភូមិចំនួន ១,០២៥ គ្មានអគ្គិសនីប្រើប្រាស់នៅថ្ងៃទី ៩ ខែមករា ខណៈប្រទេសដែលកំពុងប្រឈមនឹងសង្រ្គាមមួយនេះ ត្រូវបក់បោកជាមួយនឹងរលក នៃអាកាសធាតុត្រជាក់ខុសពីធម្មតា ព្រិលធ្លាក់ និងខ្យល់បក់ខ្លាំង។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា «ក្រុមសង្គ្រោះបន្ទាន់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយអាកាសធាតុអាក្រក់ កំពុងធ្វើការយ៉ាងមមាញឹកគ្មានពេលឈប់សម្រាក ដើម្បីជួសជុលការខូចខាត។ ទោះជាយ៉ាងណាក៏ដោយ ទឹកកកធ្វើឱ្យការងារកាន់តែពិបាក»។

មជ្ឈមណ្ឌលឧតុនិយមអ៊ុយក្រែនបានព្យាករណ៍ថា អាកាសធាតុនឹងកាន់តែអាក្រក់ ដោយមានព្រិលធ្លាក់កាន់តែច្រើននៅភាគខាងត្បូង និងភាគអាគ្នេយ៍ ជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះរហូតដល់ -២១ អង្សាសេនៅពេលយប់ និង -១២ អង្សាសេនៅពេលថ្ងៃ៕