(បេរូត)៖ ក្រុមហេសបូឡា នៅថ្ងៃអង្គារនេះបានបាញ់បង្ហោះយន្តហោះដ្រូនដែលបំពាក់គ្រាប់ផ្ទុះ ទៅវាយប្រហារលើមូលដ្ឋានយោធានៅភាគខាងជើងអ៊ីស្រាអែល ដោយប្រកាសថា វាជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួន ចំពោះការធ្វើឃាតអ៊ីស្រាអែលនាពេលថ្មីៗនេះនៅក្នុងប្រទេសលីបង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

ក្រុមនេះបាននិយាយថា យន្តហោះដ្រូនរបស់ខ្លួនបានវាយប្រហារ លើទីស្នាក់ការកងទ័ពអ៊ីស្រាអែលនៅទីក្រុង Safed ដែលជាផ្នែកមួយនៃការសងសឹកចំពោះការសម្លាប់បងធំទីពីរ នៃក្រុមហាម៉ាស់កាលពីសប្តាហ៍មុន​ គឺលោក Saleh Aluri ក្នុងទីក្រុងបេរូត និងជាការឆ្លើយតបទៅនឹងការសម្លាប់មេបញ្ជាការ Hezbollah ម្នាក់ កាលពីថ្ងៃចន្ទផងដែរ។

ប្រភពដែលដឹងពីប្រតិបត្តិការរបស់ក្រុមហេសបូឡា បាននិយាយថា វាគឺជាការវាយប្រហារលើកដំបូងរបស់ក្រុមនេះនៅទីក្រុង Safed ដែលមានចម្ងាយប្រហែល ១៤ គីឡូម៉ែត្រពីព្រំដែន ក្នុងអំឡុងប្រតិបត្តិការប្រយុទ្ធដែលបានចាប់ផ្តើមកាលពីបីខែមុន បន្ទាប់ពីក្រុមហាម៉ាសបានវាយឆ្មក់ចូលប្រហារអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប។

ទោះជាយ៉ាងណា អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារតាមអាកាស បានវាយប្រហារមូលដ្ឋានភាគខាងជើង ប៉ុន្តែវាមិនបណ្តាលឱ្យមានការខូចខាត ឬរងរបួសនោះទេ។ អ្នកនាំពាក្យ​រូប​នេះ​ មិន​បាន​បញ្ជាក់​ពី​កន្លែង​កើតហេតុ​នោះ​ទេ ។

គួរបញ្ជាក់ថា សមាជិកក្រុមហេសបូឡាជាង ១៣០ នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងអរិភាពជាមួយអ៊ីស្រាអែល ដែលជាការប្រឈមមុខគ្នាដ៏អាក្រក់បំផុត ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅឆ្នាំ ២០០៦ ។ អំពើហឹង្សាបានបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់នៅសងខាងព្រំដែន ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយបានលើកឡើងពីការព្រួយបារម្ភថា ជម្លោះអាចកាន់តែខ្លាំង និងរីករាលដាលបន្ថែមទៀត៕

រូបភាពពី AP