(ប៉េកាំង)៖ នាថ្ងៃអង្គារនេះ ចិនបានចេញមុខសម្តែងការអបអរសាទរ ទៅកាន់គណបក្សកាន់អំណាចនៃប្រទេសបង់ក្លាដែស សម្រាប់ជ័យជម្នះ​ក្នុងការបោះឆ្នោតសកលប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina ធានាបានការបន្តកាន់អំណាច​សម្រាប់អាណត្តិទី៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនសូមចូលរួមសាទរបង់ក្លាដែស ដែលបានរៀបចំការបោះឆ្នោតសកលដោយជោគជ័យ តាមពេលវេលាកំណត់ ហើយសូមអបអរគណបក្ស Awami League សម្រាប់ការបន្តទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតនោះ។ លោកស្រី Hasina បានឡើងកាន់អំណាចដំបូងកាលពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ហើយលោកស្រី បានក្លាយជានាយករដ្ឋមន្រ្តីសាជាថ្មី នៅឆ្នាំ២០០៩ និងបន្តរហូតមកទល់បច្ចុប្បន្ន។

គួរបញ្ជាក់ថា ការចូលរួមអបអរសាទរដូចខាងលើពីសំណាក់ទីក្រុងប៉េកាំង កើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសចាត់ទុក ការបោះឆ្នោតសកលនៅបង់ក្លាដែស ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ជាការបោះឆ្នោតមិនសេរីនិងយុត្តិធម៌ឡើយ។ ក្នុងការបោះឆ្នោតនោះ គណបក្សរបស់លោកស្រី Hasina ទទួលបានកៅអី រហូតដល់ជិត ៧៥ភាគរយ ប៉ុន្តែគណបក្សប្រឆាំងដ៏ធំរបស់បង់ក្លាដែស BNP បានធ្វើពហិការមិនចូលរួមការបោះឆ្នោត ខណៈចំនួនអ្នកទៅបោះឆ្នោត មានកម្រិតទាបគឺត្រឹមជាង៤០ភាគរយ៕