(វ៉ាសូវី)៖ ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងប៉ូឡូញ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា អាជ្ញាធរប៉ូឡូញបានចាប់ខ្លួនស្រ្តីជនជាតិបេឡារុសម្នាក់ ដោយសង្ស័យពីបទធ្វើចារកម្ម និងផ្តល់ព័ត៌មានអំពីក្រុមជនភៀសខ្លួននៅប៉ូឡូញ ទៅឲ្យទីភ្នាក់ងារសន្តិសុខបេឡារុស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

ប៉ូឡូញ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ក្រុមមន្រ្តីនៃទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង បានចាប់ខ្លួនជនជាតិបេឡារុសម្នាក់ដោយសង្ស័យធ្វើចារកម្ម ឲ្យសេវាពិសេសនៃគណៈកម្មាធិការសន្តិសុខបេឡារុស។ ជាច្រើនខែមកនេះ ស្រ្តីបេឡារុសរូបនោះ បានរាយការណ៍ដូចដែលបានរៀបរាប់ខាងលើ ជាមួយនិងព័ត៌មានពីសមាជិកនៃក្រុមជនភៀសខ្លួនបេឡារុស ក៏ដូចជាអង្គការនានាដែលប្រមូលផ្តុំជនជាតិបេឡារុស និងជនជាតិប៉ូឡូញដើមកំណើតបេឡារុស។ រូបនាងត្រូវបានចោទ និងឃុំខ្លួនបណ្តោះអាសន្ន មុនការវិនិច្ឆ័យទោស សម្រាប់រយៈពេល ៣ខែ។

គួរបញ្ជាក់ថា ដោយសារតែជាទីតាំងផ្តល់សម្ភារយោធាលោកខាលិចសម្រាប់អ៊ុយក្រែន ប៉ូឡូញថាខ្លួនបានក្លាយទៅជាគោលដៅដ៏សំខាន់ របស់ក្រុមចារកម្មរុស្ស៉ី ដោយមូស្គូនិងសម្ព័ន្ធមិត្តបេឡារុស កំពុងព្យាយាមធ្វើឲ្យមានអស្ថិរភាព៕

រូបភាពពី Reuters