(ប៉េកាំង)៖ ថ្ងៃទី៧ ខែមករា ក្រសួងការបរទេសចិនបានប្រកាសថា យោងតាម《ច្បាប់ប្រឆាំងនឹងការដាក់ទណ្ឌកម្មបរទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន》ប្រទេសចិននឹងដាក់ទណ្ឌកម្មលើសហគ្រាសឧស្សាហកម្មយោធាអាមេរិកចំនួន៥។ វិធានការតបតវិញនេះ គឺសំដៅចំពោះភាគីអាមេរិកដែលបានដាក់ចេញ នូវការលក់សព្វាវុធទៅឱ្យតៃវ៉ាន់ជុំថ្មី និងដាក់ទណ្ឌកម្មទៅលើសហគ្រាសនិងបុគ្គលចិន ក្រោមលេសគ្រប់បែបយ៉ាង ហើយក៏ជាការព្រមានយ៉ាងម៉ឺងម៉ាត់ ចំពោះមនុស្សមួយចំនួនរបស់ភាគីអាមេរិក ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស។

បើមើលពីបញ្ជីឈ្មោះជាក់ស្តែងអាចឃើញថា សហគ្រាសឧស្សាហកម្មយោធារបស់អាមេរិកចំនួន៥ ដែលត្រូវបានដាក់ទណ្ឌកម្មដោយប្រទេសចិន គឺ៖ ក្រុមហ៊ុន BAE Systems Land and Armament ក្រុមហ៊ុន Alliant Techsystems Operation ក្រុមហ៊ុន AeroVironment ក្រុងហ៊ុន ViaSat និងក្រុមហ៊ុន Data Link Solutions។

យោងតាមអ្នកជំនាញពាក់ព័ន្ធទម្លាយឱ្យដឹងថា សហគ្រាសឧស្សាហកម្មយោធាទាំង៥នេះ សុទ្ធតែបានចូលរួមក្នុងគម្រោងថ្មីបំផុត សម្រាប់ការលក់សព្វាវុធទៅឱ្យតៃវ៉ាន់របស់អាមេរិក។ នៅពាក់កណ្តាលខែធ្នូឆ្នាំ២០២៣ ក្រសួងការពារជាតិអាមេរិកបានប្រកាស អនុម័តលើការលក់គ្រឿងបរិក្ខារក្នុងតម្លៃ៣រយលានដុល្លារអាមេរិក ទៅឱ្យតំបន់តៃវ៉ាន់ប្រទេសចិន។ នេះជាការលក់សព្វាវុធ ទៅឱ្យតៃវ៉ាន់លើកទី១២របស់ភាគីអាមេរិក ចាប់តាំងពីរដ្ឋាភិបាលអាមេរិកអណត្តិនេះ ឡើងកាន់អំណាចមក។ ទង្វើរបស់ភាគីអាមេរិក បានល្មើសនឹងគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចំនួនបីរវាងចិននិងអាមេរិក ជាពិសេសគឺការកំណត់ នៃសេចក្តីប្រកាសថ្ងៃទី១៧ សីហា ហើយក៏បំពានកិច្ចសន្យានយោបាយ ដែលមេដឹកនាំអាមេរិកបានធ្វើនៅក្នុងកិច្ចជំនួប រវាងប្រមុខរដ្ឋចិននិងអាមេរិក នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូផងដែរ។ វាបង្ហាញជាថ្មីម្តងទៀតថា មនុស្សមួយចំនួននៃភាគីអាមេរិក និយាយផ្សេងធ្វើផ្សឹង និងមិនគោរពតាមពាក្យសន្យារបស់ខ្លួនលើបញ្ហាតៃវ៉ាន់។

អ្នកដែលប្រលែងជាមួយភ្លើងពិតជានឹងត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរ។ ភាគីចិនបានចេញសេចក្តីថ្លែងការណ៍ជាច្រើនដងថា បញ្ហាតៃវ៉ាន់គឺជាគន្លឹះនៃផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិន ជាមូលដ្ឋាននយោបាយសំខាន់បំផុតនៃទំនាក់ទំនងចិននិងអាមេរិក ហើយក៏ជាខ្សែបន្ទាត់ក្រហមចម្បងនៃទំនាក់ទំនង ចិននិងអាមេរិកដែលមិនអាចបំពានបាន។ លើកនេះវិធានការដាក់ទណ្ឌកម្ម ដែលភាគីចិនបានប្រកាសរួមមាន៖ បង្កកចលនវត្ថុ អចលនទ្រព្យនិងទ្រព្យសម្បត្តិប្រភេទដទៃទៀត របស់សហគ្រាសពាក់ព័ន្ធ នៅក្នុងប្រទេសចិន ហាមឃាត់អង្គការនិងបុគ្គលក្នុងដែនចិនមិន ឱ្យធ្វើសកម្មភាពដូចជាការលក់ដូរ និងកិច្ចសហប្រតិបត្តិការ ជាមួយពួកគេជាដើម។

ទាក់ទិននឹងការតបតវិញរបស់ភាគីចិនលើកនេះ អ្នកជំនាញពាក់ព័ន្ធបានវិភាគថា ភាគីអាមេរិកទទូចចង់ "លេងសន្លឹកបៀតៃវ៉ាន់” ជាមុន ហើយភាគីចិនតបតវិញតាមក្រោយ វាគឺជាទង្វើស្របច្បាប់ សមហេតុផល ចំគោលដៅនិងខ្លាំងក្លា។ សហគ្រាសឧស្សាហកម្មយោធា របស់អាមេរិកទាំង៥ ដែលត្រូវបានដាក់ទណ្ឌកម្មលើកនេះ គឺមានគម្រោងសហប្រតិបត្តិការក្នុងប្រទេសចិនជាទូទៅ។ បើប្រៀបធៀបនឹងប្រាក់ចំណេញ ពីការលក់សព្វាវុធទៅឱ្យតៃវ៉ាន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ពួកគេ ជាមួយប្រទេសចិន គឺមានប្រាក់ចំណេញច្រើនជាង។ ការដាក់ទណ្ឌកម្មដោយចំគោលដៅ ជាបន្តបន្ទាប់របស់ប្រទេសចិន បានវាយចំ "ចំណុចឈឺ" របស់ពួកគេ។ លើសពីនេះទៀត ស្រមពេលដែលសព្វាវុធរបស់អាមេរិក ត្រូវបានប្រគល់ឱ្យតៃវ៉ាន់ជាបណ្តើរៗ ពេលវេលានៃការប្រកាស វិធានការតបតវិញរបស់ភាគីចិន ក៏មានភាពត្រឹមត្រូវផងដែរ។ ប្រសិនបើអាមេរិកនិងតៃវ៉ាន់ បន្តឃុបឃិតគ្នាខាងយោធានោះ ភាគីចិនមិនច្រានចោលលទ្ធភាព ដែលដាក់ចេញនូវវិធានការតបតវិញ កាន់តែតឹងរ៉ឹងបន្ថែមទៀត។

ភាគីចិនបានបង្ហាញយ៉ាងច្បាស់លាស់ ទៅកាន់មនុស្សមួយចំនួនរបស់អាមេរិកនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ប្រទេសចិនក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមរយៈបញ្ជីដាក់ទណ្ឌកម្មនេះ។ ការពិតនឹងបញ្ជាក់ថា មិនថាភាគីអាមេរិកផ្តល់អាវុធប៉ុន្មានដល់តៃវ៉ាន់ក៏ដោយ ក៏សុទ្ធតែមិនអាចរារាំងដំណើរការប្រវត្តិសាស្ត្រ នៃការបង្រួបបង្រួមជាតិ របស់ប្រទេសចិនបានឡើយ៕

វិទ្យុមិត្តភាពកម្ពុជាចិន