(តូក្យូ)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Shunichi Suzuki បាននិយាយនៅថ្ងៃអង្គារនេះថា ជប៉ុនមានផែនការពង្រីកថវិកាសារពើពន្ធឆ្នាំ ២០២៤/២០២៥ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ នៅឧបទ្វីប Noto ក្រោយការវាយប្រហារនៃគ្រោះរញ្ជួយដី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

លោក Suzuki និយាយថា នៅព្រឹកថ្ងៃអង្គារនេះ គណៈរដ្ឋមន្រ្តីបានអនុម័តលើការចំណាយ ៤.៧៤ពាន់លានយេន ពីទុនបម្រុងឆ្នាំសារពើពន្ធ ២០២៣/២០២៤ សម្រាប់ផ្តល់ជំនួយដូចជាទឹក អាហារ ក្រណាត់កន្ទបទារក និងឧបករណ៍វាស់កម្តៅ។ ដោយបង្ហាញពីលទ្ធភាព នៃការចំណាយទុនបម្រុងបន្ថែមទៀត លោក Suzuki បានប្រាប់សន្និសីទសារព័ត៌មានថា ទុនបម្រុងនេះនឹងនាំឲ្យការឆ្លើយតប មានភាពប្រាកដនិយម និងលឿនជាងមុន។

ការផ្លាស់ប្តូរផែនការថវិកាឆ្នាំ ២០២៤/២០២៥ ត្រូវបានធ្វើឡើងមុនពេលដាក់ជូនសម័យប្រជុំសភា នៅចុងខែមករា។ រដ្ឋាភិបាលជប៉ុន បានអនុម័តថវិកាសរុបចំនួន ១១២ពាន់លានយ៉េន ឬស្មើនឹង ៧៨០ពាន់លានដុល្លារ នៅត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ មុនការរញ្ជួយដី ដែលក្នុងនោះរួមមានថវិកា ៥០០ពាន់លានយ៉េនសម្រាប់ទុនបម្រុងទូទៅ និង ១ប៊ីលានយ៉េនទៅក្នុងទុនបម្រុង សម្រាប់វិធានការទប់ទល់អតិផរណា។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ បានវាយប្រហារទីក្រុង Noto នៃខេត្ត Ishikawa ដែលស្ថិតនៅឆ្នេរភាគលិចរបស់ជប៉ុន បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ២០២នាក់ហើយ ខណៈ ៥៦៥នាក់រងរបួស គិតត្រឹមថ្ងៃអង្គារនេះ៕

រូបភាពពី Reuters