(ម៉ានីល)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី Retno Marsudi បាននិយាយថា នៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកស្រី ត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការជាមួយប្រទេសអាស៊ានដទៃទៀត ក្រោមគោលដៅសម្រេចឱ្យបាន នូវក្រមប្រតិបត្តិដែលត្រូវបានពន្យារ​ពេលជាយូរមកហើយ សម្រាប់សមុទ្រចិនខាងត្បូង ដែលជាតំបន់សមុទ្រមានបញ្ហាវិវាទ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo នៅទីក្រុងម៉ានីល មុនទស្សនកិច្ចរបស់​ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ​Joko Widodo លោកស្រី Marsudi បានលើកឡើងយ៉ាងដូច្នេះថា «ពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសមាជិកអាស៊ានទាំងអស់ គឺរួមទាំងហ្វីលីពីនផងដែរ ក្រោមគោលដៅសម្រេចឱ្យបាន នូវក្រមប្រតិបត្តិមួយឱ្យបានឆាប់តាមតែអាចធ្វើទៅរួច»

គួរបញ្ជាក់ថា អាស៊ាននិងចិនបានព្យាយាមអស់ជាច្រើនឆ្នាំមកហើយ ក្នុងការរួមគ្នាបង្កើតក្របខណ្ឌ ដើម្បីចរចាសម្រេចឱ្យបានក្រមប្រតិបត្តិ សម្រាប់សមុទ្រចិនខាងត្បូង ពោលគឺជាផែនការមួយដែលត្រូវបានផ្តួចផ្តើមឡើង តាំងពីឆ្នាំ២០០២មកម្ល៉េះ ប៉ុន្តែវាមានភាពរីកចម្រើនតិចតួចប៉ុណ្ណោះ ទោះបីភាគីទាំងអស់បានប្តេជ្ញាថា នឹងប្រឹងប្រែង ជំរុញក៏ដូចជាពន្លឿននីតិវិធីចរចាក្តី។ ដោយឡែក ប៉ុន្មានខែចុងក្រោយនេះ ភាពតឹងបានកើន​ឡើងខ្លាំងនៅសមុទ្រចិនខាងត្បូង ដោយសារតែហេតុការណ៍ប្រឈមមុខ និងប៉ះគ្នាជាបន្តបន្ទាប់ រវាងទូកនិងនាវារបស់ហ្វីលីពីននិងចិន៕

រូបភាពពី Reuters